ខេត្តបន្ទាយមានជ័យ៖ករណីហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ស្ត្រីជាប្រពន្ធ បានយកកូនកាំបិតចុងស្រួចទៅចាក់ប្តីជាច្រើនកាំបិត រួចចាក់ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា មុនពេលកើតហេតុប្តីប្រពន្ធនេះ បានផឹកស្រាជុំគ្នារហូតស្រវឹងរៀងខ្លួន តែមិនដឹងថាប្រពន្ធខឹងប្តីដោយសាររឿងអ្វីទេ ក៏ស្រាប់តែឈ្មោះ ផូ សុធន អាយុ២២ឆ្នាំ ជាប្រពន្ធ បានស្ទុះទៅយកកូនកាំបិតចុងស្រួចចាក់ប្តីឈ្មោះ ពៅ សានិត អាយុ៣២ឆ្នាំ បណ្តាលឲ្យរបួសពេញខ្លួន ក្រោយមកប្តីក៏បាននិយាយថា អញឈប់យកនាងឯងធ្វើជាប្រពន្ធ ហើយភ្លាមៗនោះស្ត្រីជាប្រពន្ធក៏បានចាក់ខ្លួនឯងដោតកាំបិតជាប់នឹងពោះរងរបួសធ្ងន់ទាំងអស់គ្នា ។
លោកអធិការ បញ្ជាក់ថា ក្រោយពីកើតហេតុ ប្តីប្រពន្ធ២នាក់នេះត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
បើតាមការសាកសួរ ក្នុងពេលផឹកនោះប្តីនិយាយលេងថា បើបានប្រពន្ធចេះផឹកស្រាអញមិនយកទេ ទៅយកស្រីក្មេងជាងនេះហើយមិនចេះផឹកវិញល្អជាង ។ ប្រហែលដោយសារការនិយាយលេងនេះហើយទើបធ្វើឲ្យប្រពន្ធខឹង យកកូនកាំបិតមកចាក់ប្តីតែម្តងទៅ ៕