អ៊ីស្រាអែល​បើក​ការវាយប្រហារ​អាកាស និង​បាញ់​ផ្លោង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2016 ក+ ក-

អ៊ីស្រាអែល​៖​កងទ័ព និង​ប៉ូលិស​បាន​និយាយថា ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​បាញ់​រ៉ុក្កែត​មួយ​គ្រាប់​ដែល​ធ្លាក់​នៅក្នុង​តំបន់​ព្រំដែន​អ៊ីស្រាអែល Sderot កាលពី​ថ្ងៃអាទិត្យ​ហើយ​យន្តហោះ​និង​រថក្រោះ​អ៊ីស្រាអែល​បាន​ឆ្លើយតប​វិញ​ដោយ​បាញ់​គ្រាប់ផ្លោង​ដាក់​តំបន់ Beit Hanoun របស់​ហ្គា​ហ្សា​។​
​ប៉ូលិស​បាន​និយាយថា រ៉ុក្កែត​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ឬ​ខូចខាត​អ្វី​នោះទេ​ក្នុង​តំបន់ Sderot ដែលជា​កន្លែង​វា​បាន​ធ្លាក់​ក្នុង​តំបន់​លំនៅដ្ឋាន​។​
ក្រោយមក ការវាយប្រហារ​ផ្លូវអាកាស​ជាច្រើនលើក​នៅពេល​ល្ងាច​បាន​វាយប្រហារ​តំបន់​ផ្សេងគ្នា​យ៉ាងហោចណាស់​៣០​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​ហា​ម៉ាស​ហើយ​មាន​មនុស្ស​ពីរ​នាក់​របួសស្រាល​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​សុខាភិបាល ហ្គា​ហ្សា​។​
យោធា​អ៊ីស្រាអែល​និយាយថា យន្តហោះ​បាន​វាយប្រហារ​គោលដៅ​នៅ​ភាគ​ខាងជើង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ហើយ​បាន​បន្ថែមថា ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក មាន​រ៉ុក្កែត​របស់​ហ្គា​ហ្សា​ចំនួន​១៤​គ្រាប់​បាន​ធ្លាក់​នៅ​អ៊ីស្រាអែល​។​
​ក្រុម​ហា​ម៉ា​សបាន​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប និង​បាន​គោរព​បទ​ឈប់​បាញ់​ជាមួយ​អ៊ីស្រាអែល​ចាប់តាំងពី​សង្គ្រាម​ឆ្នាំ​២០១៤​មក​ប៉ុន្តែ​ក្រុម​ប្រដាប់អាវុធ​តូចៗ​មួយចំនួន​នៃ​ពួក​ជី​ហាដ​សាឡា​ហ្វី​សបាន​ផ្គើន​នឹង​កិច្ចព្រមព្រៀង​នេះហើយ​បន្ត​ការវាយប្រហារ​គ្រាប់​រ៉ុក្កែត​ម្តងម្កាល​លើ​អ៊ីស្រាអែល ។​
​គួរ​បញ្ជាក់ថា ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជាង​២.១០០​នាក់​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​ត្រូវបាន​សម្លាប់​ក្នុងអំឡុង​ជម្លោះ​តំបន់​ហ្គា​ហ្សា​ឆ្នាំ​២០១៤​។ ទាហាន​អ៊ីស្រាអែល​៦៧​នាក់​និង​ជន​ស៊ីវិល​ប្រាំមួយ​នាក់​ក្នុងប្រទេស​អ៊ីស្រាអែល​ត្រូវបាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែត​និង​ការវាយប្រហារ​ដោយ​ក្រុម​ហា​ម៉ាស​ឬ​ក្រុម​សកម្មប្រយុទ្ធ​ដទៃទៀត​៕

images3