រាជធានីភ្នំពេញ៖យោងតាមគណនី Facebook ផ្លូវការរបស់ក្រសួងអប់រំ បានបញ្ជាក់ថា «ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទីមួយនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គីមីវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ភូមិវិទ្យា និងប្រវត្តិវិទ្យា) មានបេក្ខជនអវត្តមានសរុប១២០៧នាក់ ស្រី៥០១នាក់ ដោយឡែកមានបេក្ខជន មានបញ្ហាសុខភាពមួយចំនួន ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម»។
ចំពោះ ដំណើរការសំណេរសម្រាប់ព្រឹកថ្ងៃទីមួយ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ នៅតាមមណ្ឌលប្រឡងនីមួយៗ បានមានដំណើរការភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការអនុរក្ស អ្នកសង្កេតការណ៍ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែក បេក្ខជនមានការគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
បេក្ខជនប្រឡងបាក់ឌុបភាគច្រើនបានឲ្យដឹងថា នៅព្រឹកមិញសភាពការណ៍ស្ងប់ស្ងាត់ល្អ ហើយវិញ្ញាសារប្រឡងហាក់ដូចជាសមល្មមដែលបេក្ខជនអាចធ្វើបាន៕