រុស្ស៊ី៖ប្រទេសរុស្ស៊ីឈប់ប្រើមូលដ្ឋានអាកាសរបស់អ៊ីរ៉ង់ដើម្បីបើកការវាយប្រហារតាមអាកាសលើប្រទេសស៊ីរីហើយ។ នេះបើតាមការលើកឡើងកាលពីថ្ងៃចន្ទរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ដែលមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីរ៉ង់បានរិះគន់រដ្ឋាភិបាលក្រុងមូស្គូសម្រាប់អាកប្បកិរិយាមិនសមរម្យដោយសារតែការផ្សព្វផ្សយអំពីសកម្មភាពរបស់ពួកគេ។
ក្រុងមូស្គូដែលបានប្រើមូលដ្ឋានអាកាស Shahid Nojeh ដើម្បីចាក់សាំងយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនវាយប្រហារប្រទេសស៊ីរីយ៉ាងហោចណាស់បីដងកាលពីសប្តាហ៍មុនបានបញ្ជាក់ថា យន្តហោះចម្បាំងរបស់រុស្ស៊ីទាំងអស់ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់បានវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញហើយ។
សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទបាននិយាយថាដរាបណាអ៊ីរ៉ង់នៅតែយល់ព្រម រុស្ស៊ីនៅតែអាចប្រើមូលដ្ឋានអាកាសអ៊ីរ៉ង់ម្ដងទៀតដោយអាស្រ័យលើស្ថានភាពនៅក្នុងប្រទេសស៊ីរី។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Ghasemi ប្រាប់អ្នកកាសែតក្នុងទីក្រុងតេរ៉ង់ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរីត្រូវបានផ្អាកជាបណ្តោះអាសន្នដោយផ្អែកលើការស្នើរសុំរបស់ប្រទេសរុស្ស៊ី។
កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានប្រើវាលយន្តហោះដែលស្ថិតនៅប្រហែល៥០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងរបស់អ៊ីរ៉ង់ Hamedan ។ ក្រុមមន្ត្រីអ៊ីរ៉ង់បានបញ្ជាក់អំពីវត្តមានរបស់រុស្ស៊ីនៅមួយថ្ងៃក្រោយមក។
សម្រាប់ប្រទេសអ៊ីរ៉ង់ ការអនុញ្ញាតឲ្យប្រទេសរុស្ស៊ីបើកការវាយប្រហារចេញពីខាងក្នុងប្រទេសនេះទំនងជាបង្កឲ្យមានការមិនពេញចិត្ត។ មនុស្សជាច្រើននៅតែចងចាំអំពីរបៀបដែលប្រទេសរុស្ស៊ីរួមជាមួយនឹងចក្រភពអង់គ្លេសបានឈ្លានពានហើយកាន់កាប់អ៊ីរ៉ង់អំឡុងសង្គ្រាមលោកលើកទីពីរដើម្បីការពារវិស័យប្រេងនិងខ្សែបណ្ដាញផ្គត់ផ្គង់។ ប៉ុន្តែខណៈពេលដែលអង់គ្លេសបានដកថយ ប្រទេសរុស្ស៊ីបានបដិសេធមិនព្រមចាកចេញដោយបង្កឲ្យមានការស្តីបន្ទោសជាអន្តរជាតិលើកដំបូងពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទើបចាប់កំណើតក្នុងឆ្នាំ១៩៤៦៕