ខេត្តស្វាយរៀង៖យុវជនម្នាក់គ្រាន់តែសុំឪពុកម្តាយទៅរកការងារធ្វើនៅភ្នំពេញឪពុកម្តាយមិនឲ្យទៅហើយថែមទាំងទិញគោទុកឲ្យមើល និងនៅចាំផ្ទះសោះដាច់ចិត្តចងកសម្លាប់ខ្លួននៅរោងម៉ាស៊ីនកិនស្រូវ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០ និង៤២ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើសមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា យុវជនដែលចងកសម្លាប់ខ្លួនឯងនេះមានឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ ទួលច្រេស ឃុំពពែត ស្រុកស្វាយទាប។ ប្រភពបន្តទៀតថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ដោយប្រទះឃើញ យុវជនខាងលើបានយកខ្សែជ័រពណ៌ខ្មៅ ចងជាប់ទៅនឹងរោងដាក់ម៉ាស៊ីនកិនស្រូវនៅខាងត្បូងផ្ទះចំងាយ១០ម៉ែត្រ។
ដោយឡែកក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មូលហេតុគឺគ្រាន់តែសុំឪពុកទៅភ្នំពេញរកការងារធ្វើតែឪពុកមិនឲ្យទៅ គឺឲ្យរូបគេនៅចាំផ្ទះដោយឪពុកទៅទិញគោជាមួយម្ដាយ អ្វីដែរសំខាន់នោះគឺខ្លាចកូនដើរខូចខិល។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចកិច្ចក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ឪពុកម្តាយមិនឲ្យទៅធ្វើការនៅភ្នំពេញចងកសម្លាប់ខ្លួន