នាយករដ្ឋមន្ដ្រី​ជប៉ុន​ប្រកាស​មិន​អត់ឱន​ចំពោះ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2016 ក+ ក-

ជប៉ុន​៖​នៅ​ថ្ងៃ​ពុធ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​ប្រកបដោយ​ជោគជ័យ​ដែល​បាន​ធ្លាក់​នៅ​តំបន់​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ជប៉ុន​ដោយ​បង្កើន​កម្រិត​គ្រោះថ្នាក់​ចំពោះ​សមយុទ្ធ​យោធា​ដែល​កំពុង​បន្ត​រវាង​កូរ៉េខាងត្បូង​ជាមួយ​អាមេរិក​។​
​សេចក្តីថ្លែងការណ៍​ពី​អគ្គសេនាធិការ​រួម​រប​ស់​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា មី​ស៊ី​ល​ដែល​បាញ់​នៅពេល​ព្រឹក​ព្រលឹម​ចេញពី​នាវាមុជទឹក​នៅ​សមុទ្រ​ខាងកើត (​សមុទ្រ​ជប៉ុន​) បាន​ហោះ​ចម្ងាយ​ប្រហែល​៥០០​គីឡូម៉ែត្រ​។​
​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​និយាយថា មី​ស៊ី​ល​នេះ​បាន​បំពាន​តំបន់​កំណត់ ដែនអាកាស (ADIZ) នៃ​ប្រទេស​របស់លោក​ហើយ​បាន​ថ្កោលទោស​ចំពោះ​អ្វីដែល​លោក​បាន​ហៅថា “​ជា​រឿង​មិនអាច​លើកលែង​បាន ទង្វើ​មិន​ប្រុងប្រយ័ត្ន​និង​ជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​មួយ​ចំពោះ​សន្តិសុខ​របស់​ប្រទេស​ជប៉ុន​”​។​
​ការធ្វើ​តេស្ត​នៅ​ថ្ងៃ​ពុធ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​គំរាម​វាយប្រហារ​នុយក្លេអ៊ែរ​ការពារ​ជាមុន​ប្រឆាំងនឹង​កងកម្លាំង​កូរ៉េខាងត្បូង​និង​អាមេរិក​ដែល​បានចាប់ផ្តើម​សមយុទ្ធ​យោធា “Ulchi Freedom” ប្រចាំឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​។​
​សេចក្តីថ្លែងការណ៍​រប​ស់អគ្គ​សេនាធិការ​រួម​បាន​និយាយថា ច្បាស់​ណាស់ កូរ៉េខាងជើង​កំពុង​បង្កើន​ភាព​តានតឹង​យ៉ាងខ្លាំង​ជាមួយនឹង​ការបាញ់​មួយ​ដែល​បង្ក​ជា “​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​” ដល់​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​និង​បង្ហាញ​ពី​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​
​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​ថ្កោលទោស​ផងដែរ​ចំពោះ​ការធ្វើ​តេស្ត​នេះ​និង​បាន​ព្រមាន​ប្រឆាំងនឹង​ការបង្ក​ហេតុ​បន្ថែមទៀត​ណាមួយ​របស់​ក្រុង​ព្យុងយ៉ាង​។​
​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Gary Ross បាន​ថ្លែងថា “​ការប្តេជ្ញាចិត្ត​របស់​យើង​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​យើង​រួមទាំង​សាធារណរដ្ឋ​កូរ៉េ​និង​ជប៉ុន​ដែល​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​នោះ​គឺ​មិនអាច​រំលោភ​បានឡើយ​”៕

5DBA5755-67EA-4F19-85B0-A2D5A2ED3C94_cx0_cy7_cw0_w800_r1