រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូបទៀតត្រូវតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃពុធនេះ ក្នុងនាមជាសាក្សី ករណីសំណុំរឿងស្នេហាលោក កឹម សុខា ។ ប៉ុន្តែព័ត៌មានទទួលបានមុននេះបន្តិចឲ្យដឹងថា មន្ត្រីអាដហុករូបនោះបានចូលបំភ្លឺនៅតុលាការមុនថ្ងៃកំណត់ស្ងាត់ៗ ដោយពុំឲ្យអ្នកសារព័ត៌មានបានដឹងនោះឡើយ។ អញ្ជឹងហើយបានជាថ្ងៃនេះអ្នកសារព័ត៌មានមិនបានឃើញវត្តមានមន្ត្រីអាដហុករូបនោះចូលបំភ្លឺនៅតុលាការតាមការកំណត់នោះទេ។
គួរបញ្ជាក់ថា យោងតាមដីកាកោះរបស់ចៅក្រមស៊ើបសួរលោក ធាម ច័ន្ទពិសិដ្ឋ បានបង្គាប់ឲ្យលោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅម៉ោង៩ព្រឹកថ្ងៃពុធនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប កំពុងជាប់ពន្ធនាគារពាក់ព័ន្ធករណីលោក កឹម សុខា នេះដែរ។ អ្នកទាំងនោះរួមមាន លោក ណៃ វង់ដា លោកស្រី លឹម មុនី លោក យី សុខសាន្ត និងលោក នី សុខា៕