រាជធានីភ្នំពេញ៖នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៧លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរងរបួសធ្ងន់៤នាក់។ នេះបើយោងតាមការរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង, រថយន្ដធុនធំចំនួន២គ្រឿង។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៣នាក់)។
ជាមួយគ្នានេះនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន២,៧៥៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៤១២គ្រឿង និងពិន័យសរុប ចំនួន១,៣៤៦គ្រឿង (ពាក់មួកសុវត្ថិភាពបានត្រឹមត្រូវក្នុងពេលបើកបរ ជួយការពារអ្នកផុតពីប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងការពារជីវិតអ្នក)៕