ម្ចាស់​ហាង «​រតនៈ​រចនា​ម៉ូដ​»​ត្រូវបានឃាត់ខ្លួន​បន្ទាប់ពី​វាយ​តា​ម៉ូតូ​កង់​បី​បាក់ដៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា ជនដៃដល់​ដែលជា​ម្ចាស់​ហាង «​រតន​:​រចនា​ម៉ូដ​»​ហើយ​បាន​ប្រើ​ហិង្សា​វាយ​ទៅលើ​តា​រត់​ម៉ូតូ​កង់​រហូត​បាក់ដៃ​នោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ចាប់ខ្លួនបាន​ហើយ នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា​នេះ សមត្ថកិច្ច​នគរបាល នឹង​នាំខ្លួន​ម្ចាស់​ហាង «​រតនៈ​រចនា​ម៉ូដ​» ទៅធ្វើ​តម្រាប់​ពី​សកម្មភាព​ដែល​បាន​វាយ​តា​ម៉ូតូ​កង់​បី​ម្នាក់​រហូត​បាក់ដៃ គ្រាន់តែ​ចត​ម៉ូតូ​មុខ​ហាង​រង់ចាំ​ម៉ូយ​នោះ​។​
​ជនល្មើស​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ពៅ រតនៈ ហៅ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៣៨F ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជននេះ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​ជនរងគ្រោះ​រហូត​បាក់ដៃ​មែន ក្រោយ​ឈ្លោះ​គ្នា​រឿង​ចត​ម៉ូតូ​កង់​បី​មុខ​ហាង កាលពី​ម៉ោង​១០៖៥០​នាទី​យប់ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦ ។​
​ប៉ុន្តែ​បុរសរងគ្រោះ បាន​រៀបរាប់ថា មុន​កើតហេតុ​គាត់​បាន​ឈប់​មុខផ្ទះ​ខាងលើ ដើម្បី​រងចាំ​ឌុប​ម៉ូយ លុះ​ឈប់​បាន​បន្តិច​ក៏មាន​បុរស​ម្នាក់​បើកឡាន​មួយគ្រឿង មិន​ស្គាល់​ម៉ាក​មកដល់​ហើយ​បាន​ប្រាប់​ឲ្យ​គាត់​យក​កង់​បី​ចេញពី​មុខផ្ទះ​ភ្លាមៗ គាត់​រៀបនឹង​បណ្តើ​រកង់​បី ចេញ​ហើយ​តែ​បណ្តើរ​មិនទាន់​ផង ក៏​បុរស​ជា​ម្ចាស់ផ្ទះ​រូបនោះ បាន​បើក​ទ្វារផ្ទះ​រួច​យក​ឈើ​ជ្រុង វាយ​គាត់​បណ្តាល​ឲ្យ​បាក់ដៃ​ឆ្វេង​តែម្តង​។​
​ជនរងគ្រោះ​បន្តថា ក្រោយពី​វាយ​បុរស​ចំណាស់​ជា​អ្នករត់​កង់​បី​បណ្តាល​ឲ្យ​បាក់ដៃ ជនដៃដល់​ជា​ម្ចាស់ផ្ទះ​បាន​បើកឡាន​ចេញ ទៅ​បាត់​ដោយ​ទុក​ឲ្យ​ម្ចាស់​កង់​បី​ដេក​ដួល​នឹង​ឈឺចាប់​ជាខ្លាំង ។ ភ្លាមៗ​នោះ​អ្នក​ដែល​រស់នៅ​ក្បែ​នោះ​អាណិត​បាន​ហៅ​ឡានពេទ្យ​មក​ដឹក​យកទៅ​ព្យាបាល នៅ​មន្ទី​ពេទ្យ ផងដែរ ៕

14086260_1648016628846035_1853013100232179058_ofn-2016-08-24-10-45-15-0