ដោយ៖បញ្ញា
ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនតាមដីកាតុលាការពាក់ព័ន្ឋនឹងករណីលួចលុយជាង១០ម៉ឺនដុល្លារអាមេរិក និងលុយខ្មែរជាង២០០លានរៀល ពីក្រុមហ៊ុនស្បែកជើងវីងស្តារនៅខេត្តកំពង់ស្ពឺកន្លងទៅ។ ហេតុការណ៍ឃាត់ខ្លួននេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៥ សីហា ២០១៦ បន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ-សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
នគរបាលខេត្តកំពុងស្ពឺបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើឈ្មោះ វ៉ាន់ ចាន់ទុំ អាយុប្រហែល៣៣ឆ្នាំ ស្នាក់នៅភូមិទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអតីតជំនួយការរដ្ឋបាលរបស់ក្រុមហ៊ុនខាងលើ ហើយកាលពីវេលាម៉ោង២រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦កន្លងទៅបានធ្វើសកម្មភាពគាស់ទូរដែកលួចយកលុយដុល្លារជាង១០ម៉ឺនដុល្លារ លុយខ្មែរជិត២០០លានរៀលនៅក្នុងក្រុមហ៊ុនវីងស្តារ ហើយក៏រត់គេចខ្លួនមកបាត់ស្រមោល។ បន្ទាប់មកត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាបញ្ជាឲ្យជនសង្ស័យចូលខ្លួន តាមដីការលេខ១៩៧១ ដ.ប.ច/១៦ចុះថ្ងៃទី២២ខែសីហា ឆ្នាំ២០១៦ចេញដោយលោកកែវ សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ។ ក្រោយពីមានដីកាបញ្ជាឲ្យជនសង្ស័យខាងលើចូលខ្លួនបំភ្លឺទើបកម្លាំងជំនាញខេត្តកំពង់ស្ពឺបានធ្វើការស្រាវជ្រាវកំណត់ទីតាំងនិងមុខសញ្ញាបានរហូតចាប់ខ្លួនបានតែម្តង។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននៅបន្ទប់បានដកហូតវិទ្យុទាក់ទងមួយស្បោងធំ និងកាតសម្គាល់ខ្លួនមួយចំនួន រីឯជនសង្ស័យត្រូវបានកម្លាំងនគរបាលកម្រិតស្រាលខេត្តកំពង់ស្ពឺនាំខ្លួនទៅខេត្តកំពុងស្ពឺវីញដើម្បីចាត់ការតាមនីតិវធី៕