NGO រកឃើញ​ឈើ​៥០​ម៉ែត្រ​គីប​នៅក្នុងស្រុក​ភ្នំក្រវាញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​ចាប់តាំងពី​ថ្ងៃទី​២៣ ខែសីហា អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បាននិងកំពុង​ចុះ​អង្កេត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ហើយ​បាន​រកឃើញ​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ ១ នៅ​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​ដែលមាន​ចម្ងាយ​ប្រមាណ​ជា ២០ គីឡូម៉ែត្រ​ពី​ភូមិ​អ្នកស្រុក​។​
​លោក ជា ហ៊ាន ប្រធាន​អង្គការ​បាន​បញ្ជាក់ថា ឈើ​ប្រណីត​មាន​ធ្នង់​ជាដើម​ត្រូវបាន​គេ​កាប់ និង​លាក់ទុក​នៅក្នុង​ព្រៃ​សម្រាប់​ទុក​នាំទៅ​វៀតណាម​។ ក្រៅពី​ហ្នឹង​មាន​ឈើ​ប្រភេទ​ម្រេញ​ត្រូវគេ​អារ​ជា​ក្តារបន្ទះៗ​សម្រាប់​ប្រើ​ក្នុងស្រុក​។ សរុប​ទាំងអស់​ប្រមាណ ៥០ ម៉ែត្រគុប ។ លោក​បន្តថា អ្នកដើរ​ព្រៃ​បាន​ប្រាប់​ពួកលោក​ពីបទ​ល្មើស​ព្រៃឈើ​នោះ​ហើយ​បន្ទាប់មក​ពួកលោក​ក៏បាន​រកឃើញ​ឈើ​នោះ​ប៉ុន្តែ​មិនមាន​ឃើញ​កម្មករ​ណា​ម្នា​ក់នៅ​ទីនោះ​ទេ​។​
​លោក ជា ហ៊ាន ថែមទាំង​បាន​អះអាងថា «​ឈើ​ទាំងអស់នេះ​ជា​របស់​ឈ្មួញ​រកស៊ី​ធំៗ​តែ​គេ​យក​ពលរដ្ឋ​ជា​ខែល​ឲ្យ​អារ និង​ដឹក​ឲ្យ​ពួកគេ​។ បទល្មើស​ហ្នឹង​កើត​នៅ​កន្លែង​ដែល​បរិស្ថាន​គ្រប់គ្រង​ហើយ​គេ​អាច​ត្រូវ​គ្នា ។​
​ប្រជាពលរដ្ឋ​បាន​រិះគន់ថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ​គឺ​ស្ថិតក្រោម​ភ្នែក​មន្ត្រី​បរិស្ថាន ឬ អាច​និយាយថា មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បើ​មិន​ដូច្នេះ​ទេ គេ​មិន​អាចធ្វើ​សកម្មភាព​ដោយ​រលូន​បាន​នោះឡើយ៕

5-IllegalWood_10