ពលរដ្ឋ​តវ៉ា​​ចំពោះ​ការធ្វើ​របង​ថ្ម​រំលោភ​ដី​ទំនប់​ស្រែប្រាំង​​ចំណីផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បានធ្វើ​ការតវ៉ា​ជាថ្មីទៀត ខណៈដែល​ក្រុមហ៊ុន​ផាន​អ៊ី​មិច របស់លោក​ស្រី ស៊ុយ ស៊ី​ផាន បានធ្វើ​របង​ថ្ម រំលោភ​យក​ដី​ទំនប់​ស្រែប្រាំង​ចំណីផ្លូវ​សាធារណៈ ។ ចំណែក​អាជ្ញាធរ​ដែនដី មិនមាន​ដំណោះស្រាយ​ជូន​ពួកគាត់​ឡើយ គឺ​ទំនាស់​ដ៏​រ៉ាំរ៉ៃ​កើតឡើង​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ទល់មុខ​អតីត​រោង​ម៉ាស៊ីន​អា​ឈើ​ភូមិ​គ្រួស​សង្កាត់​សំរោង ខ័​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​ប្រជាពលរដ្ឋ​ប្រមាណ​១០​គ្រួសារ នា​ដើម​សប្តាហ៍​នេះ បាន​ចេញមក​ទាមទារ​ឱ្យ​ក្រុមហ៊ុន​នេះ បញ្ឈប់​ការសាងសង់​របង​នោះ​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ​។ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​ស្តាប់​នោះទេ ហើយ​នៅតែ​បន្តសកម្មភាព​ដដែល ដោយ​គ្មាន​ការហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ដែនដី​ឡើយ ។​
​ប្រជាពលរដ្ឋ​បាន​លើកឡើងថា កន្លងមក​ពួកគាត់​បានធ្វើ​ការតវ៉ា​ជា​បន្តបន្ទាប់ ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​សំរោង​ធ្លាប់បាន​ធានា​អះអាងថា​រក​ដំណោះ​ជូន​ពួកគាត់​តែ​វា​គ្រាន់​ជា​សន្យា​ខ្យល់​ប៉ុណ្ណោះ ។ ក្រោយមក​ក៏មាន​ការអន្តរាគមន៍​ពី​មន្ត្រី​ខណ្ឌ​ព្រែក​ព្នៅ​ផងដែរ​តែ​ឥតប្រយោជន៍​ដដែល​។​
​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ថ្លែងថា ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​រួម​នោះ ប្រជាជន​តវ៉ា​ទាំង​១០​គ្រួសារ​ជាង ដាក់ពាក្យ​ប្តឹង​មក សាលាខណ្ឌ​ព្រែក​ព្នៅ​។ បើសិនជា​ខណ្ឌ​ព្រែក​ព្នៅ​មិន​ហ៊ាន​ចាក់​ការ​ទេ លោក​នឹង​ឱ្យ​ខាង​ក្រុង​ចុះ ទៅធ្វើ​ការងារ​រឿង​ហ្នឹង​។ លោក​អភិបាលរងក្រុង​បានស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ ដាក់​បណ្តឹង​ការពារ​ព្រ​ទ្យ​សម្បត្តិ​សាធារណៈ​ជាបន្ទាន់​ដើម្បី​ការពារ​ផលប្រយោជន៍​រួម​។​
​លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​បញ្ជាក់ថា លោកស្រី ស៊ុយ សុផាន ដើរ​បង្កបញ្ហា​គ្រប់កន្លែង ។ ដូច្នេះ​លោក​សុំឱ្យ​ប្រជាជន​តវ៉ា ទាំងនោះ​ធ្វើលិខិត ជា​លាយលក្ខណ៍អក្សរ ដាក់​មក​សាលាខណ្ឌ​ព្រែ​ព្នៅ លោក​នឹង​ចុះទៅ​ចាត់ការ​រឿងនេះ​ជាបន្ទាន់៕

ក្រុមហ៊ុនផានអ៊ីមិចធ្វើរបងរំលោភយកដីខ្នងទំនប់-២

៤