រាជធានីភ្នំពេញ៖តាមពិតរឿងមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយនៅព្រឹកនេះ បុរសម្ចាស់ហាង «រតនៈរចនាម៉ូដ» ឈ្មោះ ពៅ រតនៈ ហៅប្រុស ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា បុរសវ័យចំណាស់រត់កង់បីម្នាក់ ត្រូវបានម្ចាស់ផ្ទះរតនៈរចនាម៉ូតវាយបាក់ដៃឆ្វេង ដោយគ្រាន់តែឈប់មុខផ្ទះបន្តិចដើម្បីរងចាំម៉ូយបន្តិច ដែលហេតុការណ៌នេះបានកើតឡើង នៅមុខផ្ទះជនបង្ក ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។
ទាក់ទងករណីហិង្សាខាងលើនេះ កាលពីម្សិលមិញ អ្នកសារព័ត៌មានទទួលបានដំណឹងថា ម្ចាស់ហាងបង្កហិង្សាបានយល់ព្រមសងជំងឺចិត្តទៅជនរងគ្រោះចំនួន៧៥០ដុល្លារ បញ្ចប់រឿង ។ ប៉ុន្តែមិនដឹងជាយ៉ាងណាទើបរឿងរ៉ាវមិនទាន់បញ្ចប់បាន ប៉ុន្តែអាចនិយាយថា ជនបង្កនៅជាប់បណ្តឹងអាជ្ញា ដែលត្រូវមកបញ្ចប់នៅតុលាការក៏អាចថាបាន៕