ដោយ៖ប៉ែនសុផល
បាត់ដំបង៖ប្រជាពលរដ្ឋតំណាងឲ្យ១០០គ្រួសារដែលរស់នៅក្នុងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ សំណូមពរដល់អាជ្ញាធរជួយរកដំណោះស្រាយបញ្ហាបឹងមួយកន្លែងដែលត្រូវបានអ្នកមានលុយម្នាក់ទាមទារយកធ្វើជាកម្មសិទ្ធិ។
ប្រជាពលរដ្ឋលើកឡើងថា បឹងមួយកន្លែងដែលត្រូវបានអ្នកមានលុយម្នាក់កំពុងទាមទារយកធ្វើជាកម្មសិទ្ធិ មានឈ្មោះថា បឹង តាអឿ ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបឹងមួយនេះពួកគាត់បានឃើញមានតាំងពីជំនាន់បារាំងមកម្លេះតែពេលនេះត្រូវបានអ្នកមានលុយកំពុងទាមទារយកធ្វើជាកម្មសិទ្ធិ។ ពលរដ្ឋបន្តទៀតថា កាលពីមន្ត្រីជំនាញភូមិបាលចុះទៅរៀបចំធ្វើប្លង់ដីកម្មសិទ្ធិ បានបិទលិខិតរយៈពេល២ខែដើម្បីអោយម្ចាស់ឡើងមកតវ៉ា ប៉ុន្តែមិនមានបុគ្គលណាម្នាក់មកតវ៉ានោះទេ ទើបខាងមន្ត្រីភូមិបាលចេញជាប្លង់កម្មសិទ្ធិជូនដល់ពលរដ្ឋ ចំណែកដីតួបឹងគឺទុកជាបឹងតែម្តងទៅ។
ពលរដ្ឋបញ្ជាក់ថា មួយរយៈពេល ក្រោយមកពលរដ្ឋបាននាំគ្នាកាយស្តារបឹងដើម្បីយកទឹកទុកប្រើប្រាស់ទើបមានបុគ្គលអ្នកមានលុយម្នាក់មកអះអាងថាជាដីរបស់ខ្លួន។
ពាក់ព័ន្ធបញ្ហានេះដែរ លោកសំ ណេត មេឃុំ កំពង់ព្រៀងបានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកមិញនេះថា រឿងហ្នឹងលោកកំពុងធ្វើការដោះស្រាយហើយ។ ចំណែកលោក គីម វណ្ណៈ អភិបាលស្រុកសង្កែ លោកបានប្រាប់ថា កំពុងធ្វើការជាមួយភាគីទាំងសងខាងមួយចំនួនហើយ តែនៅកំពុងធ្វើការជាមួយមន្ទីរជំនាញ ពីព្រោះបញ្ហាដីធ្លីគឺវាទាក់ទងទៅនឹងមន្ទីរជំនាញ ដើម្បីប្រមូលយកឯកសារធ្វើការផ្ទៀងផ្ទាត់គ្នា។ លោកបន្តថា រយៈពេលកន្លងមក លោកអភិបាលស្រុកមុខបានធ្វើមួយជំហានហើយ ប៉ុន្តែគាត់មិនបានធ្វើតាមយន្តការគណៈកម្មការភូមិបាលស្រុកនោះទេ តែពេលនេះលោកធ្វើការតាមយន្តការដែលមានការនែរនាំច្បាស់លាស់ពីក្រសួងរៀបចំដែនដី ហើយលោកទើបនឹងចាប់ផ្ដើមរៀបចំធ្វើឡើងវិញ ហើយលើកយកមកប្រជុំរៀបចំនៅសប្ដាហ៍ក្រោយ។
បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋសំណូមពរសុំអោយថ្នាក់ដឹកនាំពិសេសសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយដោះស្រាយបញ្ហានេះផង ដើម្បីអាចអោយពួកគាត់មានសិទ្ធិ ស្តារបឹងនេះដើម្បីយកទឹកប្រើប្រាស់៕
ពលរដ្ឋ៦៧គ្រួសាររិះគន់ដល់អាជ្ញាធរមិនដោះស្រាយដីដល់ពួកគាត់