សម្រេចចោទប្រកាន់ម្ចាស់ហាងរតនៈរចនាម៉ូដពីបទហិង្សាដោយចេតនា
រាជធានីភ្នំពេញ៖ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅរសៀលថ្ងៃទី២៦ ខែសីហានេះ បានសម្រេចចោទប្រកាន់ម្ចាស់ហាងរតនៈរចនាម៉ូដពាក់ព័ន្ធករណីវាយតាម៉ូតូកង់បីបណ្តាលឲ្យបាក់ដៃ ជាផ្លូវការ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
ម្ចាស់ហាងរតនៈរចនាម៉ូដ ឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣០ឆ្នាំត្រូវបានចោទប្រកាន់ពីបទ«ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ»។
គួរបញ្ជាក់ថា បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល៕