ខ្មាន់កាំភ្លើង​​បាញ់​បុរស​ម្នាក់​៧​គ្រាប់​បណ្តាលអោយ​របួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​អ្នកនេសាទ​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ​បាញ់​ឲ្យ​រងរបួស​ធ្ងន់​ត្រង់​ត្រគៀគ ខណៈដែល​ជនរងគ្រោះ​កំពុង​នេសាទ​ត្រី​នៅតាម​ដង​ទន្លេ ក្នុងស្រុក​សំបូរ​។ ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​ថ្ងៃត្រង់​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ នៅ​កណ្ដាលទន្លេ​ចំនុច​អន្លង់​ត្រឡោក ស្ថិតក្នុង​ភូមិ​ពន្ធ​តា​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ច្រេះ ។
​ជនរងគ្រោះ​ឈ្មោះ ឃឹម សុខ​ខន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់​រទេះ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ ។​
​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅលើ​កលប​មាន​គ្នា​ចំនួន​ពី​នាក់ ពេល​លើក​លប​ហើយ ជនរងគ្រោះ​ក៏បាន​បើកទូក​ត្រឡប់មកវិញ លុះដល់​ចំណុចកើតហេតុ ក៏មាន​ទូក​មួយទៀត បើកទូក​មក​ទន្ទឹមនឹង​ទូក​របស់​ជនរងគ្រោះ ដោយមាន​គ្នា​ពីរ​ដែរ និង​មាន​ចំងាយ​ពីគ្នា​ប្រហែល​ពី​៣០ ទៅ​៤០​ម៉ែត្រ តែ​មិន​ស្គាល់មុខ​អ្នក​ទាំង​នោះទេ​។ ប្រភព​បន្តថា ពេល​កំពុង​បើកទូក​ស្រាប់តែ​ទូក​ម្ខាង​ទៀត​អ្នក​អង្គុយ​ចំ​កណ្ដាល​ទូក​លើក​កាំភ្លើង​អាការ​ស្វាយ​បទ​បាញ់រះ​មកលើ​ទូក​របស់​ជនរងគ្រោះ​ចំនួន​៧​គ្រាប់ បណ្ដាលអោយ​ត្រូវចំ​ត្រគៀគ ហើយ​ជនរងគ្រោះ​ក៏បាន​ឈប់​ទូក​ដេក​ក្នុង​ទូក​។ ចំណែកឯ​អ្នករួមដំណើរ​ជាមួយ​គាត់​ពេល​ឃើញ​ដូច​នោះ ក៏​បើកទូក​ដឹក​គាត់​យកមក​ភូមិ ដើម្បី​បញ្ជូនទៅ​ព្យាបាល រីឯ​ទូក​ម្ខាង​ទៀត​ជា​ខ្មាន់កាំភ្លើង បាន​បើកទូក​ត្រឡប់​ឡើងលើ​វិញ គឺ​សំដៅទៅ​ភូមិ​ពន្ធ​តា​ជា​។​
​ពាក់ព័ន្ធ​ជុំវិញ​ករណី​ផ្ទុះអាវុធ​នេះ លោក ណ​យ ស៊ី​ថាច អធិការ​ង​ស្រុក​សំបូរ ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​នេះ​ថា លោក​កំពុង​នាំ​កំលាំង​នៅ​កណ្ដាលទន្លេ ដើម្បី​ស៊ើបអង្កេត តែ​មិនទាន់មាន​តំរុយ​នៅឡើយ​ទេ ហើយ​កំពុង​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​
​បច្ចុប្បន្ន​ជនរងគ្រោះ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​៕

unnamedunnamed (3)unnamed (2)unnamed (1)