ដោយ៖ប៉ែនសុផល
បាត់ដំបង៖នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះនៅសាលាពិការភ្នែក និងគរថ្លង់ស្ថិតនៅភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងបានរៀបចំពិធីសំណេះសំណាលក្រោមវត្តមានលោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាតំណាងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក លោកស្រីប្រតិភូ ត.ស.ស.យ.ក ខេត្តព្រៃវៃង និងខេត្តបាត់ដំបងជាច្រើនរូបផងដែរ។
លោក ស សុខា បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចការឯកឧត្តមតែងតែគិតគូរពីសួរសុខទុក្ខរាល់សកម្មភាពរស់នៅ របស់ក្មួយៗ និងបានផ្ដល់ជូននូវសំភារៈសំរាប់សិក្សាមួយចំនួន និងកុំព្យូទ័រ២គ្រឿងព្រមទាំងថវិកាមួយចំនួន។ ទន្ទឹមនោះលោក ស សុខា ក៏បានលើកសរសើរ អំពីកិច្ចខិតខំសិក្សារបស់ក្មួយៗដោយយកចិត្តទុកដាក់រហូតសិស្សមួយចំនួនទទួលបាន អាហារូបករណ៍ពីសម្តេចក្រឡាហោម ស ខេង ក្នុងឆ្នាំកន្លងមក។
ជាមួយគ្នានេះលោក ស សុខា ក៏បានសន្យានឹងរៀបចំជួបជុំអាហារសាមគ្គីភាពឲ្យបានរៀងរាល់៦ខែម្ដងដើម្បីបង្កើនភាពទំនាក់ទំនង មានភាពជិតស្និទ្ធ នាពេលអនាគត និងខិតខំស្វែងរកមូលនិធិសប្បុរសជន ដើម្បីនាំយកថវិកា សំភារៈ ដើម្បីមកផ្គត់ផ្គង់ដល់ក្មួយបន្ថែមទៀត។
លោក ច័ន្ទ សុផល បានមានមតិចូលរួមផ្តាំផ្ញើដល់យុវជនក្មួយៗពិការភ្នែក និងគរថ្លង់ទាំងអស់ឲ្យខិតខំប្រឹងប្រែងគ្រេបជញ្ជក់យកចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូ ដើម្បីឲ្យស្របតាមប្រសាសន៍ រាជរដ្ឋាភិបាលសិស្សល្អ ពលរដ្ឋល្អ អោយសមស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច៕
សំណេះសំណាលជាមួយកុមារពិការភ្នែក និងគរថ្លង់នៅក្រុងបាត់ដំបង