ការបើកបរ​លើផ្លូវ​សា​ធា​រណៈ​លើស​ល្បឿន​កំណត់​នៅតែ​ជាការ​ព្រួយបារម្ភ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កម្លាំង​ជំនាញ​នៃ​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​បាន​រកឃើញ​យានយន្ដ​ដែល​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ បើកបរ​លើស​ល្បឿន​កំណត់​ជា​មធ្យម​ជាង​១០០​គ្រឿងក្នុង​១​ថ្ងៃ​។​
​នៅក្នុង​ការចុះ​ត្រួតពិនិត្យ​លើ​គោលដៅ​ផ្លូវ​លេខ​៥៧​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ឯក សាត គឹម​សាន្ដ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា ការចុះ​ត្រួតពិនិត្យ​ច្បាប់​លើ​យានយន្ដ​គ្រប់​ប្រភេទ​តាម​គោលដៅ​ឈរជើង​និង​គោលដៅ​ចល័ត​ជាការ​ពង្រឹង​ការគោរព​ច្បាប់​ចរាចរណ៍​របស់​សា​ធារ​ណះ​ជន​ទាំង​ការប្រើប្រាស់​នៅតាម​បណ្ដា​ផ្លូវជាតិ​ក្នុង​និង​ក្រៅ​ទីប្រជុំជន​ឈានទៅ​កាន់ការ​កាត់បន្ថយ​អត្រា​គ្រោះ​ចរាចរណ៍​ដែល​កើតមានឡើង​គួរអោយ​ព្រួយបារម្ភ​នាពេល​បច្ចុប្បន្ន​។​
​ក្នុង​ខេត្តបាត់ដំបង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​គាត់​សំគាល់​ឃើញថា​មានស្រុក​ចំនួន​៦​ដែល​ប្រឈម​ការគ្រោះថ្នាក់​ខ្លាំងជាងគេ​ក្នុងនោះ​មានស្រុក​សង្កែ បាណន់ ថ្មគោល ស្រុក​ប​វេ​ល រត​នះ​មណ្ឌល​និង​ស្រុក​សំឡូត បណ្ដាលមកពី​កត្តា​មនុស្ស​មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​មិន​គោរព​ផ្លាកសញ្ញា ផ្លាក​ល្បឿន​និង​អ្នកបើក​បរមាន​ផ្ទុក​សារជាតិ​គ្រឿង​ស្រវឹង​។​
​លោក​វរសេនីយ៍ឯក សាត គឹម​សាន្ដ បន្ដថា រាល់​ការចុះ​ត្រួតពិនិត្យ​តាម​គោលដៅ​សំខាន់ៗ​កម្លាំង​ជំនាញ​ត្រួតពិនិត្យ​ល្បឿន​យានយន្ដ ពិនិត្យ​រាល់​បទដ្ឋាន​បច្ចេកទេស​ផ្សេងៗ សារជាតិ​ស្រវឹង អប់រំ បិទ​ផ្ទាល់​ដល់​គោយន្ដ​នូវ​សន្លឹក​ចំណាំងផ្លាត​។ លោក​បញ្ជាក់ថា យុទ្ធនាការ​ដូចគ្នានេះ​នឹង​បន្ដ​រហូតដល់​បណ្ដា​ស្រុក​ទាំងអស់​ក្នុង​ខេត្តបាត់ដំបង ដោយឡែក​ការត្រួតពិនិត្យ​នៅពេលនេះ​ជា​លទ្ធផល​មាន​យានយន្ដ​បើកបរ​ល្មើស​ល្បឿន​កំណត់​ចំនួន​១១២​គ្រឿង ពិន័យ​៨៦​គ្រឿង អប់រំ​ម្ចាស់​អ្នកបើកបរ​ចំនួន​២៦​នាក់ និង​ត្រួតពិនិត្យ បិទ​សន្លឹក​ផ្ទាំង​ចំណាំងផ្លាត​លើ​គោយន្ដ​បាន​ជិត​៥០០​គ្រឿង​៕

unnamedunnamed (2)unnamed (1)