​បើ​មិន​ឆ្លើយតប​នឹង​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ប្រឆាំង​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បើទោះជា​ការ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​របស់ គណបក្ស​យុវជន​កម្ពុជា ដឹកនាំ​ដោយ លោក ពេជ្រ ស្រស់ បាន​រំសាយ​ហើយក៏​ដោយ ប៉ុន្តែ​ប្រធាន​គណបក្ស​យុវជន បាន​ព្រមាន​ថា បើសិន​មិនមាន​ការឆ្លើយតប ពី​ស្ថានទូត​វៀតណាម​ក្នុង​រយៈពេល​មួយខែ​ទេនោះ លោក​នឹង​គៀកគរ កម្លាំង​អ្នកស្នេហាជាតិ ធ្វើបាតុកម្ម ប្រឆាំងនឹង​ស្ថានទូត​វៀតណាម ដោយ​លោក​រំពឹងថា បាតុកម្ម​នោះ​នឹងមាន​អ្នកចូលរួម​ច្រើន ។​
​គួ​រម្លឹកថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក ពេជ្រ ស្រស់ បាន​យក​ញ្ញា​ត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម ប្រចាំរាជធានី​ភ្នំពេញ ដោយ​ទាមទារ​ឲ្យ​វៀតណាម​បំភ្លឺ​ករណី​ដែល​ប្រទេស​នេះ បាន​រំលោភ​លើ​ព្រំដែន​កម្ពុជា ។ ប៉ុន្តែ​ពុំមាន​មន្ត្រី​ស្ថានទូត​ចេញមក​ទទួល​នោះទេ​, ផ្ទុយទៅវិញ​មាន​អភិបាលរង​ខ័​ណ្ឌ​ចំកា​មន​ម្នាក់ ចេញមុខ​មក​ទទួល​ញា​ត្តិ​នោះ​ទៅវិញ​។​
​លោក ពេជ្រ ស្រស់ បានចាត់ទុក ការមិន​ចេញមុខ​មក​ទទួល​ញត្តិ​ពី​សំណាក់​ស្ថានទូត​វៀតណាម គឺជា​ការប្រមាថ និង​មើលងាយ​ដល់ គណបក្ស​យុវជន ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ ។ ដូច្នេះហើយ​លោក​នឹងធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម ប្រសិនបើ​ពុំមាន​ការបំភ្លឺ​ណាមួយ​ពី​ស្ថានទូត​នោះ ។​
​គួរ​បញ្ជាក់ថា ក្នុង​ញត្តិ​នោះ មានការ​ទាមទារ​៣​ចំណុច រួមមាន​៖ ទី​១. រដ្ឋាភិបាល​វៀតណាម ត្រូវ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ជា​សាធារណៈ ដើម្បី​បញ្ជាក់​គោលជំហរ​ខ្លួន​ឱ្យ​ច្បាស់លាស់ ក្នុងការ​បញ្ឈប់​សកម្ម​ភាព​រំលោភ បូរណភាព​ទឹកដី​កម្ពុជា​។ ទី​២. រដ្ឋាភិបាល​វៀតណាម ត្រូវតែ​រុះរើ​គ្រប់​សំណង់​ទាំងឡាយណា ដែល​បាន​សាងសង់​នៅ​តំបន់ហាមឃាត់​តាម​ព្រំដែន​កម្ពុជា – វៀតណាម គ្រប់កន្លែង និង​លុប​ស្រះ​ដោយ គ្មាន​លក្ខខណ្ឌ ទី​៣. រដ្ឋាភិបាល​ប្រទេស​វៀតណាម ត្រូវ​បញ្ឈប់​បន្ទាន់​ចំពោះ​សកម្មភាព ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ៕

fn-2016-08-29-09-16-16-0