ដោយ៖ប្រុញ វិធិន
ក្រចេះ៖ប្រធានអង្គការមូលនិធិកុមារពិការ បានថ្លែងថា អង្គការនេះ ដែលបានបង្កើតឡើងអំឡុង ឆ្នាំ២០០៧ មានគោលបំណងលើកស្ទួយកុមារឲ្យមានអនាគត។
អង្គការមូលនិធិកុមារពិការ សហការជាមួយសាលាអន្តរជាតិ ហ្គោលឌិន ថាម កាលពីថ្ងៃទី២៨ ខែសីហា ម្សិលម៉ិញ បានរៀបចំពិធីជួបសំណេះសំណាលជាមួយមាតា បិតា និង អាណាព្យាបាលសិស្សក្នុងខេត្តក្រចេះ ដើម្បីចែករំលែកបទពិសោធន៍ និង វិធីសាស្ដ្រក្នុងការអប់រំកូនឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និង បុគ្គលឆ្នើមនៅពេលអនាគត ។
លោក គង់ វិចិត្រា ស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការមូលនិធិកុមារពិការ បានបញ្ជាក់ថា អង្គការមូលនិធិកុមារពិការ បានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយមានគោលបំណងសំខាន់ គឺជួយគាំទ្រ ផ្ដល់សិទ្ធិ និង លើកទឹកចិត្ត ផ្តល់សុខុមាលភាពដល់កុមារ និងយុវជនពិការកម្រិតមធ្យម និង ធ្ងន់ធ្ងរនៅកម្ពុជា ។
លោក បានបន្តថា បច្ចុប្បន្ននេះ អង្គការកំពុងធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ខេត្តកំពត និង ខេត្តក្រចេះ ក្នុងគោលដៅពង្រីកសេវាកម្ម ដើម្បីជួយគាំទ្រដល់កុមារ និង យុវជនពិការនៅកម្ពុជាតែម្ដង ។ ដោយលោកសង្កេតឃើញថា សេវាកម្មសម្រាប់កុមារ និង យុវជនពិការកម្រិតមធ្យម និង ធ្ងន់ធ្ងរ នៅមានកង្វះខាតនៅឡើយ បើសិនជាប្រៀប ធៀបទៅនឹងសេវាកម្មជួយគាំទ្រជនពិការទូទៅ ។ ដូច្នេះ អង្គការមូលនិធិកុមារពិការ នឹងបន្តការពង្រីកសេវានេះឲ្យបានទូទាំងប្រទេស ដោយមានការគាំទ្រពីម្ចាស់ជំនួយ ដូចជា អង្គការUNICEF ម្ចាស់ជំនួយនៅប្រទេសអាល្លឺម៉ង់ ហ្វាំងឡង់ និង ប្រទេសស្វីស ។
លោក បានបន្តថា តាមរយៈតួលេខរបស់រាជរដ្ឋាភិបាល ជនពិការ មានចំនួនពីរលាននាក់ នៅទូទាំងប្រទេស នុងនោះប្រមាណ៨ម៉ឺននាក់ ស្នើនឹង២០ភាគរយ ជាកុមារ និង យុវជនពិការ ឋិតក្រោមអាយុ២០ឆ្នាំ ហើយសព្វថ្ងៃនេះ អង្គការបានជួយគាំទ្រដល់កុមារ និងយុវជនពិការ ជាងបីរយនាក់ នៅក្នុងតំបន់គោលដៅទាំងបី ។
លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ហ្គោលឌិន ថាម បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក លោកតែងតែបានធ្វើ និង ចូលរួមក្នុងការងារសង្គមជាច្រើន ហើយលោកនឹងបន្តសកម្មភាពនេះជាបន្ត ដោយភាពស្រឡាញ់កុមារ៕