ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖នៅព្រឹកថ្ងៃតី២៩ ខែសីហានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ដឹកនាំដោយលោក ស្រេង ស្រស់ ប្រធានមន្ទីរខេត្ត ក្រោមវត្តមានលោក វ៉ា ថន អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងមានការចូលរួមពីមន្ត្រីនគរបាលចរាចរផ្លូវគោក និងអាជ្ញាធរទាំង៥ស្រុក-ក្រុង១ បានបើកយុទ្ធនាការចែក ស្ទីកឃើ ចំណាំងផ្លាតនៅពេលយប់ ចំនួន ៣៥,៧៨២សន្លឹក ជូនប្រជាពលរដ្ឋ និងមានការបិតផ្ទាល់លើគោយន្ត ជិត ៩០គ្រឿង និងម៉ូតូ ប្រមាណជាង ១០០គ្រឿង ដែលគ្មានភ្លើងបំភ្លឺផ្លូវនៅពេលយប់ផងដែរ ។
លោក វ៉ា ថន អភិបាលរងខេត្ត បានប្រសាសន៍ថា សព្វថ្ងៃនេះ បងប្អូនប្រជាកសិករ ភាគច្រើនបានប្រើប្រាស់គោយន្តកន្ត្រៃ ឬតាឡេថង ដើម្បីធ្វើស្រែចំការ និងបើកបរលើផ្លូវសាធារណៈ ជាពិសេសលើផ្លូវជាតិតែម្តង ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ត្រូវយកស្ទីកឃើ ឬសន្លឹកចំណាំងផ្លាតនៅពេលយប់នេះ ទៅបិទលើគោយន្ត ឬទោចក្រយានយន្តឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងបងប្អូនធ្វើដំណើរពេលយប់ជួបគ្រោះថ្នាក់ដល់អាយុជីវិត។
លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ដោយទទួលស្ទីកឃើ ចំណាំងផ្លាត ពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លើការគិតគូរពីសុវត្ថិភាពចរាចរ លោក បានសហការជាមួយលោកអភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ/សង្កាត់ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមកទទួល នៅពេលដែលក្រុមារងារចុះចែកស្ទីកឃើ ឬសន្លឹកផ្ទាំងចំណាំងផ្លាតសុវត្ថិភាពសម្រាប់មធ្យោបាយ កង់ ម៉ូតូ គោយន្តកន្ត្រៃ និងរថយន្តកែចច្នៃគ្រប់ប្រភេទ ក្នុងគោលបំណង់កាត់បន្ថយគ្រោះថ្នាក់ចរាចកើតឡើងជាយថាហេតុនៅពេលយប់ ។
ដោយលោក បានលើកឡើងថា សព្វថ្ងៃនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង គឺមានរថយន្តកែច្នៃ និងទោចក្រយានយន្តមួយចំនួនធំ ដែលគ្មានចំណាំងផ្លាតពីក្រោយ ។ ដូច្នេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន លោកយល់ឃើញថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចនេះ គឺត្រូវតែផ្ដល់ជូនស្ទីកឃើ ឬសន្លឹកផ្ទាំងចំណាំងផ្លាតសុវត្ថិភាពនេះ ដល់ម្ចាស់យានយន្តនានា ដែលខ្វះ ដោយឥតគិតថ្លៃ ។ យុទ្ធនាការនេះ មិនមែនធ្វើឡើងតែថ្ងៃនេះ ឬនៅកន្លែងនេះ តែប៉ុណ្ណនោះទេ គឺធ្វើឡើងជារៀងរាល់ថ្ងៃ នឹងនៅគ្រប់បណ្ដាក្រុង/ស្រុក ឃុំ/សង្កាត់ ដែលមានស្រុក៥ និងក្រុង១ ក្នុងខេត្តក្រចេះទាំងមូល ។
លោក បន្ដថា នៅពេលដែលបងប្អូនទទួលបានស្ទីកឃើ នេះហើយ ត្រូវចេះថែរក្សា ហើយបើមានករណីរហែក ឬរបក ត្រូវសុំពីអាជ្ញាធរយកបិតបន្ថែមទៀត ។
លោក ស្រេង ស្រស់ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ សូមកុំបកស្ទីកឃើសុវត្ថិភាព ឬចំណាំងផ្លាតពីបង្គោលសុវត្ថិភាព ដែលខាងក្រសួង និងមន្ទីរបានបោះបង្គោលនៅតាមដងផ្លូវនានាតាមបណ្ដាខេត្ត ដូចជា ខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែរ ៕
បើកយុទ្ធនាការបិទ និងចែកស្ទីកឃើចំណាំងផ្លាតជូនពលរដ្ឋ