ដោយ៖ប៉ែន សុផល
បាតដំបង៖យោងតាមសេចក្តីរាយការណ៍ បឋមរបស់មន្ត្រីចរាចរណ៍ អោយដឹងថា យ៉ាងហោចណាស់មានមនុស្ស៩នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ និង៤នាក់ទៀតរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តដឹកដី និងរថយន្តដឹកអ្នកដំណើរ ដែលបានបុកគ្នា កាលវេលាម៉ោង៣ និង៣០នាទីរសៀលត្រូវនិងថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៥ ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី។
នៃការិល័យចរាចរណ៍ខេត្ត លោកម៉ែនបូរី បានអោយដឹងថា ការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងដោយរថយន្តដឹកដី ដែលធ្វើអោយ រថយន្តដឹកអ្នកដំណើរ មកពីទិសខាងកើត មកខាងលិច ហើយបានព្យាយាម បើកឡើងជែងរថយន្តមួយគ្រឿងទៀត ដែលបើកស្របទិសគ្នា ក៏បានជ្រុលទៅបុករថយន្តដឹកអ្នកដំណើរ ដែលបានបើកបញ្ច្រាសទិស បុកពេញទំហឹងតែម្តង។
លោកម៉ែនបូរី បានបញ្ជាក់ប្រាប់ថា រថយន្តដឹកអ្នកដំណើរទាំងអស់នោះរបស់ក្រុមហ៊ុន(មេគង្គអ៊ិចប្រេស)ប្រភេទ១៤កៅអី ដឹកអ្នកដំណើរ ចេញពីខេត្តបាត់ដំបង ទៅភ្នំពេញ។
លោកម៉ែនបូរី បញ្ជាក់ថា ករណីនេះធ្វើអោយអ្នកដំណើរស្លាប់៩នាក់ក្នុងនោះស្រី៥នាក់ នៅនិងកន្លែងកើតហេតុ រីឯ៤នាក់ទៀតរងរបួសធ្ងន់ លោកម៉ែនបូរីនាយផ្នែកដំណោះស្រាយចរាចរណ៍ខេត្ត បានធ្វើការសន្តិដ្ឋាន បើតាមការពនិត្យ នៅលើកន្លែងកើតហេតុ គឺកំហុសភាគច្រើនបង្កឡើងមកពីរថយន្តដឹកដី។
លោកបានបញ្ជាក់ថា អ្នកបើកបររថយន្តស្លាប់ទាំងសងខាង និងអ្នករបួសបានដឹកជញ្ជូនយកទៅសង្គ្រោះ នៅមន្ទីពេទ្យខេត្តបាត់ដំបង រីឯសាកសព លោកកំពុងធ្វើការស្រាវជ្រាវរកបងប្អូន និងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕