រាជធានីភ្នំពេញ៖លោក ណៃ វ៉ង់ដា មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ដែលជាប់ចោទពីបទសូកប៉ាន់សាក្សី លើសំណុំរឿងអាស្រូវលោក កឹម សុខា បានដួលសន្លប់ ខណៈលោកកំពុងស្ថិតក្នុងសវនាការសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣០ សីហានេះ ។ ភ្លាមៗ នោះលោក ណៃ វ៉ង់ដា ត្រូវបានបញ្ជូនមកកាន់បន្ទប់ដាច់ដោយឡែកមួយ ដើម្បីជួយសង្គ្រោះ ។
គួរបញ្ជាក់ថា សវនាការនាពេលនេះ មេធាវីការពារឲ្យមន្ត្រីអាដហុកទាំង៤រូប ស្នើមកកាន់សាលាឧទ្ធរណ៍ ដើម្បីមោឃភាពនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយមេធាវីហៅការឃុំខ្លួនអ្នកទាំង៤នេះ ជាការខុសនីតិវិធីច្បាប់។
មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកទាំង៤រូប គឺលោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី លោក នី សុខា និងលោក យី សុខសាន្ត ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី លើសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ៕