យេមែន៖កងកម្លាំង Houthi យេមែនបានបាញ់គ្រាប់រ៉ុក្កែតថ្មីទៀតដាក់ជ្រុងភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយបានបញ្ចប់ភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍និងកិច្ចខិតខំប្រឹងប្រែងដ៏ស្មុគស្មាញដើម្បីស្រោចស្រង់កិច្ចពិភាក្សាឡើងវិញលើការបញ្ចប់សង្គ្រាមស៊ីវិល១៨ខែរបស់យេមែន។
ការដួលរលំនៃកិច្ចចរចាស្តីពីជម្លោះយេមែននៅខែនេះកំពុងតែបង្កផលប៉ះពាល់ក្នុងទីក្រុង Najran របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបើទោះបីជាវាមានទំហំតូចជាងនៅក្នុងប្រទេសយេមែនក៏ដោយ។
កាលពីសប្តាហ៍មុន រ៉ុក្កែតមួយគ្រាប់ដែលបាញ់ដោយចលនា Houthi សម្ព័ន្ធមិត្តអ៊ីរ៉ង់ចេញពីភាគខាងជើងប្រទេសយេមែនបានធ្លាក់នៅទីក្រុង Najran ដែលស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រ ពីព្រំដែន។ វាបានវាយប្រហារកន្លែងដាក់រថយន្តអេតចាយមួយដោយសម្លាប់ពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីតចំនួនប្រាំនាក់និងយេមែនពីរនាក់នៅពេលដែលពួកគេកំពុងបើកបរឆ្លងកាត់។
រ៉ុក្កែតមួយទៀតបានវាយប្រហារស្ថានីយ៍ថាមពល Electricity Company (SEC) របស់អារ៉ាប៊ីសាអ៊ូឌីតក្នុងទីក្រុង Najran កាលពីថ្ងៃសុក្រដោយធ្វើឲ្យហូរប្រេងម៉ាស៊ូតចេញពីធុងធ្លុះចូលទៅក្នុងបឹង។
អារ៉ាប៊ីសាអ៊ូឌីតនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានចាត់ទុកពួកមូស្លីមនិកាយស៊ុននី Houthi ថាជាតំណាងរបស់ប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ពួក Houthi បានបដិសេធចំពោះការអះអាងនេះដោយនិយាយថា រដ្ឋាភិបាលនិរទេសខ្លួនរបស់យេមែន និងអារ៉ាប៊ីសាអ៊ូឌីតគឺជាកូនអុករបស់ប្រទេសលោកខាងលិចដែលកំពុងព្យាយាមគ្របដណ្តប់យេមែននិងដកពួកគេចេញពីមហាអំណាច។
អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា រលកថ្មីបំផុតនៃការបាញ់ផ្លោងបានសម្លាប់ជនស៊ីវិល២៩នាក់និងរងរបួសជាង៣០០នាក់នៅទីក្រុង Najran ដែលជាទីក្រុងមួយហ៊ុមព័ទ្ធដោយភ្នំដែលបែងចែងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងយេមែន។
តួលេខទាំងនោះគឺមានចំនួនតិចជាងចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះនៅក្នុងការគាំទ្ររដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិដែលយោធាអារ៉ាប៊ីសាអ៊ូឌីតរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ៕