​កូរ៉េខាងជើង​ប្រកាស​ប្រហារជីវិត​មន្ត្រី​ពីរ​នាក់​ជា​សាធារណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 August, 2016 ក+ ក-

​កូរ៉េខាងជើង​៖​កាសែត​មួយ​របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រថា ប្រទេស​កូរ៉េខាងជើង​បាន​ប្រហារជីវិត​មន្ត្រី​ពីរ​នាក់​ជា​សាធារណៈ​នៅ​ដើមខែ​សីហា​នេះ​សម្រាប់​ការមិន​គោរព​មេដឹកនាំ​លោក​គីម​ជុង​អ៊ុន​។ បើសិនជា​ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជាក់​មែន​នោះ វា​នឹង​ក្លាយ​ជាការ​បោសសម្អាត​ចុងក្រោយ​បំផុត​ក្រោម​ការគ្រប់គ្រង​របស់​មេ​ដឹកនាំ​វ័យក្មេង​រូបនេះ​។​
​កាសែត​ចេញ​ប្រចាំថ្ងៃ JoongAng Ilbo បាន​និយាយថា អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម Hwang Min និង​លោក Ri Yong Jin ដែលជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​អប់រំ​ត្រូវបាន​ប្រហារជីវិត​។​
​លោក​គីម​បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១១​បន្ទាប់ពី​ការស្លាប់​នៃ​ឪពុក​របស់លោក​គឺ​លោក​គីម​ជុងអ៊ីល​ហើយ​ការពង្រឹង​អំណាច​របស់លោក​គឺ​រួមបញ្ចូល​ការធ្វើ​វិសុទ្ធកម្ម​និង​ការប្រហារជីវិត​នៃ​ក្រុមមន្ត្រី​កំពូលៗ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​។​
ទោះបីជា​យ៉ាងណាក៏ដោយ របាយការណ៍​នេះ​មិនអាច​ត្រូវបាន​ផ្ទៀងផ្ទាត់​បានទេ​ហើយ​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​ដែល​គ្រប់គ្រង​បញ្ហា​ទាក់ទង​នឹង​ប្រទេស​កូរ៉េខាងជើង​ក៏​មិនមាន​ការអត្ថាធិប្បាយ​ជាបន្ទាន់​ណាមួយ​ដែរ​។​
​កាសែត JoongAng Ilbo បាន​និយាយថា​បុរស​ទាំងពីរ​នាក់​នេះ​ត្រូវបាន​ប្រហារជីវិត​ដោយ​កាំភ្លើង​បាញ់​យន្តហោះ​នៅក្នុង​បណ្ឌិតសភាយោធា​ក្នុង​ទីក្រុង​ព្យុងយ៉ាង​។​
​របាយការណ៍​នៃ​ការប្រហារជីវិត​នេះ​បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​កូរ៉េខាងត្បូង​និយាយថា ឯកអគ្គរដ្ឋទូត​រង​របស់​កូរ៉េខាងជើង​ក្នុង​ទីក្រុង​ឡុង​ដ៍​បាន​ចុះចូល​ហើយ​មកដល់​ក្នុងប្រទេស​កូរ៉េខាងត្បូង​ជាមួយ​ក្រុមគ្រួសារ​របស់​គាត់​ដែល​នេះ​ជា​រឿង​ដ៏​អាម៉ាស់​មួយ​សម្រាប់​របប​របស់​លោក គីម​។​
​គួរ​បញ្ជាក់ថា អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ម្នាក់​ក៏ត្រូវ​បាន​គេ​ជឿ​រថា ត្រូវ​ប្រហារជីវិត​ផងដែរ​កាលពី​ឆ្នាំមុន​សម្រាប់​អំពើ​ក្បត់ជាតិ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង​៕

North-Korean-leader-Kim-Jong-un