រាជធានីភ្នំពេញ៖គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម បានបញ្ចប់កិច្ចប្រជុំហើយ កាលពីម្សិលមិញ បន្ទាប់ពីការពិភាក្សាគ្នាតានតឹងរយៈពេល២ថ្ងៃ ហើយពុំទទួលបានលទ្ធផលអ្វីទាំងអស់ដោយសារតែភាគីវៀតណាមមិនទទួលយកនូវអ្វីដែលភាគីកម្ពុជា បានស្នើឡើង ទាក់ទងខ្សែបន្ទាត់ព្រំដែន ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា បានថ្លែងប្រាប់អ្នកកាសែត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចុងក្រោយថា ភាគីកម្ពុជាចង់ឱ្យប្រើប្រាស់គោលការណ៍ខ្សែព្រំដែនមិនកែប្រែចាប់តាំងពីកម្ពុជាទទួលឯករាជ្យពីបារាំងកាលពីឆ្នាំ១៩៥៣ ហើយវាជាគោលការណ៍មានលក្ខណៈអន្តរជាតិថែមទៀត ។ ប៉ុន្តែភាគីវៀតណាមបានជំទាស់ ហើយទាមទារឱ្យយកសន្ធិសញ្ញាឆ្នាំ១៩៨៥, ២០០៥ និងអនុស្សារណៈយោគយល់ឆ្នាំ២០១១ មកប្រើវិញ។
ទាក់ទងការចរចាអំពីបញ្ហាព្រំដែននេះ មន្ត្រីជាន់ខ្ពស់កម្ពុជា បានឱ្យដឹងថា លោក Le Hoai Trung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលបន្ទុកកិច្ចការព្រំដែន ដែលត្រូវចាត់តាំងឱ្យធ្វើជាតំណាងវៀតណាមក្នុងការចរចានេះ បានចាកចេញពីប្រទេសកម្ពុជា តាំងពីព្រឹកថ្ងៃទី៣០ ខែសីហាម្ល៉េះ ពោលគឺបានចាកចេញមុនការកំណត់មួយថ្ងៃ ដោយមិននៅចរចានាថ្ងៃចុងក្រោយឡើយ ហើយទុកឱ្យតែកូនចៅរបស់ខ្លួនបន្តប្រជុំ ហើយមន្ត្រីទាំងនោះពុំហ៊ានសម្រេចអ្វីទាំងអស់ ។
យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង បានបញ្ជាក់ថា ចំពោះសំណើររបស់កម្ពុជា «រឿងសាងសង់ប៉ុស្តិ៍នគរបាលព្រំដែនវៀតណាមចូលទឹកដីកម្ពុជា ហើយយើងចង់ឱ្យបញ្ឈប់ គឺនៅដដែលទេ, រឿងជីកស្រះ រឿងលុបរឿងអី ជំហររបស់គេ(វៀតណាម)ពេលនេះ គឺនៅដដែលទេ គេលុប ឬ មិនលុប គឺនៅដដែលទេ ចំណែកយើងក៏ជំហរយើងនៅដដែលដែរ យើងនៅតែទាមទារ នៅតែធ្វើកំណត់ទូតតវា បើគេមិនលុបទេយើងនៅតែបន្តតវ៉ាតទៅទៀត»។
សូមជម្រាបថា ប្រទេសកម្ពុជា និងវៀតណាម មានបន្ទាប់ព្រំដែនជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ បច្ចុប្បន្នប្រទេសទាំងពីរ បានបោះបន្តព្រំដែនជាមួយគ្នាបានប្រមាណ ៨៣ភាគរយ ហើយនៅសល់ ១៧ភាគរយទៀត គ្រោងនឹងចាប់ផ្តើមបោះបណ្តនៅខែក្រោយនេះ ។ ប៉ុន្តែប្រសិនបើបញ្ហាទំនាស់ខាងលើមិនទាន់ត្រូវបានដោះស្រាយទេនោះ គេរំពឹងថា ការបោះបង្គោលព្រំដែនបន្ត និងត្រូវជាប់គាំង៕