ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗថា សង្វៀនល្បែងស៊ីសង បញ្ជល់មាន់មួយកន្លែងស្ថិតនៅខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលតាគ្រាម ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្ដបាត់ដំបង សមត្ថកិច្ចនៅពីក្រោយខ្នង។
ប្រជាពលរដ្ឋលើកឡើងថា ទីតាំងសង្វៀនល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែងខាងលើ មានទីតាំងស្ថិតនៅខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលតាគ្រាមចំងាយប្រហែលបីរយម៉ែត្រ ជារៀងរាល់ថ្ងៃពួកគាត់តែងឃើញក្រុមអ្នកញៀនល្បែងមួយនេះបាននាំគ្នាបីមាន់ទៅជល់យ៉ាងគគ្រឹកគគ្រេង ហូកញ្ជ្រៀវ មិនដែលប៉ះពាល់ឬរំខានដល់សមត្ថកិច្ចឡើយ។
ពលរដ្ឋបន្តទៀតថា បើទោះបីជាដឹងថារាល់ល្បែងស៊ីសងគ្រប់ប្រភេទជាអំពើរខុសទៅនឹងច្បាប់ហើយកំពុងបានធ្វើអោយក្រុមគ្រួសារមួយចំនួនធ្លាក់ខ្លួនក្នុងភាពក្រីក្រ ប្តីប្រពន្ធបែកបាក់គ្នា និងបង្កអោយកើតមានបទល្មើសអំពើរលួចឆក់ ប្លន់ យ៉ាងច្រើនករណីយ៉ាងណា ខាងសមត្ថកិច្ចមិនដែលឃើញធ្វើការទប់ស្កាត់ ឬបង្ក្រាបឡើយ បែជាមានការឃុបឃិតគ្នាអោយមានការបើកលេងនូវល្បែងស៊ីសងនៅតាមមូលដ្ឋានរបស់ខ្លួនទៅវិញ។
ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោក ទេស ប៊ុនធឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម បានប្រាប់អ្នកយកពត៌មានយើងនៅល្ងាចថ្ងៃទី៣០ ខែសីហានេះថា៖ទីតាំងសង្វៀនល្បែងស៊ីសងបញ្ជល់មាន់ខាងលើ លោកធ្លាប់បានចុះទៅអោយម្ចាស់ធ្វើកិច្ចសន្យាពីរដងរួចមកហើយ ដោយមានការចូលរួមទាំងអធិការរងចំនួនពីររូបមានលោក សាតស៊ៀត និងលោកម៉ៅ រ៉ានី ប៉ុន្តែគេនៅតែលួចបើកលេងដដែល។
ចំណែកលោក ប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ ជំវិញករណីខាងលើ លោកប្រាប់ថាមិនបានដឹងទេរឿងហើយចាំលោកអោយខាងប៉ុស្ដិ៍ចុះទៅចាត់ការ៕
សមត្ថកិច្ចស្រុកបាណន់រងការរិះគន់ថា នៅពីក្រោយខ្នងល្បែងស៊ីសងបញ្ជល់មាន់