ខេត្តបន្ទាយមានជ័យ៖មនុស្ស២០នាក់បានរងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្តកាមរីបុករថយន្តនីសាន់ពីក្រោយ ដែលករណីនេះកើតឡើងនៅវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅចំណុច មុខសាលាបឋមសិក្សាសាលាក្រហម លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះកើតឡើងរវាងរថយន្តកាមរី ពណ៌ខ្មៅ អត់ស្លាកលេខ តែមានស្លាកលេខទុកនៅក្នុងរថយន្តភ្នំពេញ2E.9892 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលបើកបរពីទិសខាងលិចទៅទិសខាងកើត បានបុករថយន្តនីសាន់ ពាក់ស្លាកលេខបាត់ដំបង 2A .2151 ពីក្រោយ ដែលមានទិសដៅស្របគ្នាបណ្តាលឲ្យរបួសមនុស្សដែលជិះលើ រថយន្តនីសាន់ចំនួន២០នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ ស្រាល១៧នាក់។
លោក ជា ពិសី បានអោយដឹងទៀតថា អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ហើយចំណែករថយន្ដកាមេរី និងរថយន្តនីសាន់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំដោះស្រាយតាមផ្លូវច្បាប់៕