ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖ទន្ទឹមនឹងប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគមនាគម និងប្រព័ន្ធធារាសាស្ដ្រ ។ បច្ចុប្បន្ន ការតភ្ជាប់បណ្ដាញអគ្គិសនីពីកន្លែងមួយទៅកន្លែងមួយ ក៏កំពុងតែដំណើរការតភ្ជាប់បណ្ដាញទៅគ្រប់ទីកន្លែង ពីទីប្រជុំជនរហូតដល់ជនបទដាច់ស្រយាលផងដែរ ។
ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់កោះទ្រង ក្រុងក្រចេះ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងសាទរយ៉ាងខ្លាំងចំពោះអាជ្ញាធរក្រុង និងអង្គភាពអគ្គីសនីខេត្តក្រចេះ ដែលបានតភ្ជាប់បណ្ដាញអគ្គីសនីឲ្យប្រើប្រាស់ដល់មូលដ្ឋានរបស់ពួកគាត់ ។
លោក គឹម ចាន់បញ្ញ៉ា ប្រធានអង្គភាពអគ្គិសនីខេត្តក្រចេះ បានអោយដឹងថា អង្គភាពអគ្គិសនីកម្ពុជាខេត្តក្រចេះ ត្រូវបានបង្តើតឡើងតាំងពីឆ្នាំ១៩៩៨ ដែលស្ថិតក្រោមការគ្រប់គ្រង់របស់មន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ។ បច្ចុប្បន្ននេះ អង្គភាពអគ្គិសនីខេត្ត បានទិញបណ្តាញចរន្តអគ្គីសនី ពីខេត្តត្បូងឃ្មុំ និងមួយផ្នែកធំទៀត តភ្ជាប់បណ្តាញពីប្រទេសវៀតណាម ចំពោះតម្លៃអគ្គិសនីក្នុងខេត្តក្រចេះ សព្វថ្ងៃនេះ គឺ ១គីឡូវ៉ាត់ ស្មើនឹង ៩៥០រៀល ។
ប្រជាពលរដ្ឋបានលើកឡើងថា ទោះបីជាតម្លៃអគ្គីសនី មានតម្លៃ ៩៥០រៀល ក្នុងមួយគីឡូវ៉ាត់ក៏ដោយ ប៉ុន្តែតម្លៃនេះអាចទទួលយកបាន ហើយបើអាចបញ្ចុះតម្លៃឲ្យនៅត្រឹមតែ ៧រយរៀល ក្នុងមួយគីឡូវ៉ាត់ គឺរឹតតែល្អប្រសើរបន្ថែមទៀត និងដើម្បីជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ។
ពលរដ្ឋនៅក្នុងសង្កាត់កោះទ្រង បានបន្តថា នេះជាលើកដំបូងហើយសម្រាប់ដីកោះមួយនេះ មានអគ្គីសនីប្រើប្រាស់ដែលពីមុនមកពុំធ្លាប់មាន ។ ទន្ទឹមនឹងនោះ អ្វីដែលជាក្ដីកង្វល់របស់ពួកគាត់នោះ គឺពួកគាត់សំណូមពរដល់ខាងអង្គភាពអគ្គីសនីខេត្ត ឲ្យយជួយយកចិត្តទុកដាក់នៅក្រោយពេលដែលបណ្ដាញអគ្គីសនីត្រូវបានដាក់ឲ្យប្រើប្រាស់រួចរាល់ កុំឲ្យភ្លើងឧស្សាហ៍ដាច់ញឹកញ៉ប់ខ្លាំងពេក ព្រោះកន្លងមកអគ្គីសនីក្នុងខេត្តក្រចេះ តែងតែមានការរអាក់រអួល និងមានដាច់ភ្លើងជាញឹកញ៉ប់ ហើយមានរយៈពេលយូរថែមទៀតផង ។
ការដាក់ឲ្យដំណើការប្រើប្រាស់ចរន្តអគ្គីសនីនៅលើកោះទ្រង ក្នុងសង្កាត់កោះទ្រង ក្រុងក្រចេះនោះ គឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកញ្ញ៉ា ឆ្នាំ២០១៦ម្សិលមិញនេះ ក្រោមវត្តមានរបស់លោក ហឿ ស៊ីយ៉ែម អភិបាលរងស្ដីទីនៃគណៈអភិបាលខេត្តក្រចេះ និងជាតំណាងរបស់ឯកឧត្តមអភិបាលខេត្តក្រចេះ ។
ថ្លែងនៅក្នុងអង្គពិធីនៅព្រឹកនោះ លោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការតភ្ជាប់រចន្តអគ្គិសនី ពីក្រុងក្រចេះមកសង្កាត់កោះទ្រងនេះ គឺមន្ត្រីជំនាញបានសិក្សាយ៉ាងច្បាស់លាស់ ដោយទម្លាក់កប់ខ្សែភ្លើងនៅក្រោមបាតទន្លេមេគង្គ ។ ការដាក់ឲ្យប្រើប្រាស់អគ្គីសនីនៅថ្ងៃនោះ លោក ហឿ ស៊ីយ៉ែម បានចាត់ទុកថា គឺជាព្រឹត្តិកាណ៌ប្រវត្តិសាស្ត្រមួយ ក្រោមការដឹកនាំប្រទេស របស់សម្តេចតេជោហុន សែន នាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងអភិវឌ្ឍរើកចំរើនលើគ្រប់វិស័យ ។
លោកអភិបាលរងខេត្ត បានបន្តថា ក្រោមការគិតគួយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត និងអង្គភាពអគ្គិសនីកម្ពុជាខេត្តក្រចេះ បានធ្វើការតបណ្តាញចរន្តអគ្គិសនីចូលមកក្នុងសង្កាត់កោះទ្រង បើទោះបីជាមានការលំបាក់ខ្លះៗក្តី ក៏អង្គភាពអគ្គិសនីខេត្ត នៅតែពុះពាររហូតសម្រេចបានជោគជ័យ ។
លោក បានបញ្ជាក់ថា គោលដៅបន្ត អង្គភាពអគ្គិសនីកម្ពុជាខេត្ត មានគម្រោងភ្ជាប់ចរន្តអគ្គីសនីទៅឃុំសោប កែង និងឃុំជ្រោយបន្ទាយ ដែលស្ថិតក្នុងស្រុកព្រែកប្រសព្វ ត្រើយខាងលិចទន្លេមេគង្គបន្ថែមទៀត ៕