បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើសង្គ្រាមជាមួយ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង បានធ្វើការ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ទៅ​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស នា​ថ្ងៃទី​០៩ ខែកញ្ញា ខាងមុខនេះ គឺ​ចំ​ថ្ងៃ​ដែល​តុលាការ​បើកសវនាការ​លើ​សំណុំរឿង​លោក កឹម សុខា តែម្តង ដើម្បី​បង្ហាញ​នូវ​ការប្រឆាំង​ចំពោះ​រាល់​ចំណាត់ការ​របស់​តុលាការ ។​
មន្ត្រី​បក្សប្រឆាំង​ម្នាក់​បាន​ឲ្យ​ដឹងថា ចំពោះ​ចំនួន​អ្នកគាំទ្រ ដែល​ចូលរួម​នៅថ្ងៃនោះ​មិន​កំណត់ថា ប៉ុន្មាន​នោះទេ ប៉ុន្តែ​អាចមាន​ដល់​រាប់ម៉ឺន​នាក់​ឯណោះ ព្រោះថា ប្រជាពលរដ្ឋ​ភាគច្រើន​បានបង្ហាញ​ទឹកចិត្ត​របស់គាត់​ក្នុង​ការចង់​ចូលរួម​ការពារ​លោក កឹម សុខា , ដូច្នេះ​យើង​មិនអាច​ឃាត់​ពួកគាត់​បានទេ ។​
ទាក់ទង​ករណីនេះ លោក​យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា ការចូលរួម​របស់​អ្នកគាំទ្រ​គឺ​ដើម្បី​តាមដាន ដំណើរការ​តុលាការ​លើ​លោ​កឹម សុខា គាត់​មក​តាមដាន​អង្កេត​ការ ដំណើរការ​តុលាការ ។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​កំណត់ ចំនួន​ប្រជាពលរដ្ឋ ដែល​នឹង​មក​ចូលរួម​នៅ​ថ្ងៃទី​៩​ខែកញ្ញា​ខាងមុខនេះ​នោះទេ ដោយសារតែ​ប្រជាពលរដ្ឋ​មក​តាម​ឆន្ទៈ​របស់​ពួកគាត់​។ ទន្ទឹម​នោះ លោក​យឹម សុវណ្ណ បាន​ឲ្យ​ដឹងថា លោក​កឹម សុខា នៅតែ​រក្សា​ជំហរ​មិន​ចូលរួម​តាម​ការកោះហៅ​របស់​តុលាការ​ឡើយ​។​
ចំណែក លោក​មាន ច័ន្ទ​យ៉ា​ដា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​សុំ​ការអនុញ្ញាត​ជួបជុំ​នេះ​រួចហើយ ហើយ​ខាង​សាលា​រាជធានី​នឹង​អញ្ជើញ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ មក​ពិភាក្សា​បន្ថែម​លើ​សុវត្ថិភាព និង​សន្តិសុខ​ជាមុនសិន ៖ “…​យើង​នឹង​ហៅ​ពួកគាត់​មក​ប្រជុំ​ពិភាក្សាគ្នា ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​…”​។​
​សូមបញ្ជាក់​ផងដែរ​ថា លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនបាន​ចូលខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន​ពីរលើក រួចមកហើយ ក្នុងនាម​ជា​សាក្សី ពាក់ព័ន្ធ នឹង​សំណុំរឿង អំពើ​សញ្ចារកម្ម​។ ការមិន​ចូលខ្លួន​របស់លោក​កឹម សុខា នាំ​ឲ្យ​តុលាការ​ចោទប្រកាន់​លោក កឹម សុខា​ពីបទ “​បដិសេធ​ក្នុងការ​ចូលខ្លួន​” កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ។ ហើយនឹង​បើកសវនាការ​ថ្ងៃទី​០៩ កញ្ញា​នេះ ។ ប៉ុន្តែ​អ្វីដែល​គេ​ហ៊ាន​អះអាង​មុន​នោះ គឺ​តុលាការ​នឹង​សម្រេច​ផ្តន្ទាទោស​លោក កឹម សុខា តាមច្បាប់ ព្រោះ​លោក​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្តែង ។​
​ភ្នាក់ងារ​ភ្នំពេញ​ថ្មី រាយការណ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​រៀបចំ​ជើង​ព្រួល ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​តុលាការ ។ បញ្ហា​អាវុធ​សម្រាប់ធ្វើ​សង្គ្រាម​នោះ​គឺ​កម្លាំង​អ្នកគាំទ្រ ដែល​គេ​គិតថា គណបក្សប្រឆាំង​គ្រោង​អំពាវនាវ​ឲ្យ​មាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់ ដើម្បី​ជាការ​បង្ហាញ​នូវ​សម្លេង​មិន​ពេញចិត្ត ចំពោះ​ចំណាត់ការ​របស់​តុលាការ ហើយ​បង្ខំ​ឲ្យ​តុលាការ​ពិចារណា​ឡើងវិញ ។​
​ដូច្នេះ តើ​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃទី​០៩ ខែកញ្ញា​នេះ ប្រសិនបើ​អ្នកគាំទ្រ​គណបក្សប្រឆាំង​រាប់ម៉ឺន​នាក់​ចូលក្នុង​រាជធានី​ភ្នំពេញ ៕

unnamed7