អាហ្វហ្គានីស្ថាន៖ក្រុមមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើង៣នាក់ស្លាប់ និងជនស៊ីវិល៦នាក់ទៀតរងរបួស គ្រាដែលក្រុមសកម្មប្រយុទ្ធបានសម្រុកចូលក្នុងអគាររបស់អង្គការផ្ដល់ជំនួយអន្តរជាតិមួយកន្លែង ហើយបានបាញ់ប្រហារគ្នាជាមួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
លោក Sediq Sediqqi ជាមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយថា កងកម្លាំងប៉ូលិសពិសេសបានបាញ់សម្លាប់ខ្មាន់កាំភ្លើងទាំង៣នាក់ដែលពាក់ព័ន្ធនឹងការវាយប្រហារកាលពីយប់ថ្ងៃចន្ទនេះនៅក្នុងខណ្ឌសាអេណាវ (Shar E Naw) នៅក្នុងទីក្រុងកាប៊ូលនៃប្រទេសអាហ្វហ្គានីស្ថាន។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដំបូងឡើយក្រុមសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតអគាររបស់អង្គការខែរអន្តរជាតិ (Care International) ក្រោយមកក្រុមខ្មាន់កាំភ្លើងបានសម្រុកចូលក្នុងអគារអង្គការនោះដោយធ្វើការវាយប្រហារជាបន្តទៀតជាមួយកងកម្លាំងសន្តិសុខនៅប្រទេសនេះ។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងក្រោយរយៈពេល១ថ្ងៃបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់នៅជិតក្រសួងការពារជាតិអាហ្វហ្គានីស្ថានដែលបានសម្លាប់មនុស្សយ៉ាងតិច៣៥នាក់ និងមនុស្សជាង១០០នាក់ទៀតរងរបួស៕