សម្ព័ន្ធមិត្តទាំងបីពង្រឹងទំនាក់ទំនងទុបទល់កូរ៉េខាងជើង
សេអ៊ូល៖កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងពង្រឹងការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការបាញ់សាកល្បង មីស៊ីលផ្លោង របស់កូរ៉េខាងជើង និងការគ្រោងអភិវឌ្ឍន៍ គ្រាប់នុយក្លេអ៊ែរ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap ចេញផ្សាយនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែ កញ្ញានេះថា ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅក្នុងជំនួបតាមរយៈ វីដេអូអនឡាញ រវាងក្រុមមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងបី។
សារព័ត៌មានដដែលបញ្ជាក់ថា ទន្ទឹមនោះមន្ត្រីទាំងបីរូប ក៏បានថ្កោលទោសចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងពី សំណាក់របបដឹកនាំ ទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីនេះ ដែលជាការរំលោភ យ៉ាងធ្ងន់ធ្ងរម្ដងហើយម្ដងទៀត លើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ៕