រាជធានីភ្នំពេញ៖ទោះបីជាបក្សកាន់អំណាច នៅតែធ្វើព្រងើយកន្តើយជាមួយការដង្ហោយរកការចរចារបស់បក្សប្រឆាំងក៏ដោយ ប៉ុន្តែសំឡេងរន្ថើន និងឮកាន់តែខ្លាំងរបស់បក្សប្រឆាំងដែលដង្ហោយសុំឲ្យមានការចរចារកដំណោះស្រាយជាមួយបក្សកាន់អំណាច ហើយរហូតមកដល់ពេលនេះគេដឹងថា សម្លេងដង្ហោយរកការចរចារបស់បក្សប្រឆាំងកាន់តែឮខ្លាំងឡើងៗ គួរឲ្យអាណិតផង និងបារម្ភផង ។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែង នៅព្រឹកថ្ងៃទី៨ កញ្ញានេះ ថា CNRP ចង់ឲ្យមានជំនួបចរចាជាមួយគណបក្សកាន់អំណាច ក្នុងឱកាសណាក៏បានដែរ។ លោកបានអំពាវនាវដល់គណបក្សដែលមានសំឡេង ភាគច្រើន ក្នុងរដ្ឋសភាជួបគ្នាដើម្បីរកដំណោះស្រាយ។ លោកថា ដំណោះស្រាយពិតប្រាកដមិនមែនស្ថិតនៅលើតុលាការទេ គឺស្ថិតនៅលើការជជែកពិភាក្សគ្នា ព្រោះយើងជាខ្មែរដូចជា ហើយអ្វីដែលចង់បានគឺដាក់តុចរចាគ្នា នេះ ជាអ្វីដែលគណបក្សសង្គ្រោះជាតិ ស្វាគមន៍និងរីករាយ»។
លោក អេង ឆៃអ៊ាង អះអាងថា គណបក្សសង្គ្រោះជាតិ មិនចង់បានអ្វីនោះទេ ក្រៅតែពីសុំសិទ្ធិសេរី និងសេចក្តីសុខ ហើយគណបក្សមិនដែលទៅរំខាន និងបង្ករឿងជាមួយអ្នកណាដែរ ។ ប៉ុន្តែប្រសិនបើគ្មានដំណោះស្រាយណាមួយទេ គណបក្ស នឹងប្រើប្រាស់សិទ្ធិតស៊ូតាមរយៈនយោបាយអហិង្សា ដែលគណបក្សបានកំណត់ ដូចជាការតស៊ូមតិ ការជួបជុំគ្នា ក្នុងគោលបំណងចង់ឲ្យមានដំណោះស្រាយប៉ុណ្ណោះ ។
លោក អេង ឆៃអ៊ាង ក៏បានប្រកាសផងដែរ ឲ្យ តុលាការក្រុងភ្នំពេញ ផ្អាកសវនការ លើលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ហើយត្រលប់ពី ការប្រើប្រព័ន្ធតុលាការងាកមក ជជែកចរចាគ្នា ក្នុងនាមជាខ្មែរ និងខ្មែរ និងក្នុងនាម អ្នកនយោបាយ និងអ្នកនយោបាយវិញ ។ ប៉ុន្តែបើតុលាការ នៅតែអនុវត្តតាមនីតិវិធី និងបន្តការបើកសវនការលើ លោក កឹម សុខា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ គណបក្សសង្គ្រោះជាតិ នឹងបន្តសកម្មភាពតស៊ូនយោបាយ តាមយន្តការដែលគណបក្សមាន។
យ៉ាងណាក៏ដោយ សម្លេងដង្ហោយរបស់លោក អេង ឆៃអ៊ាង មិនមែនជាសម្លេងថ្មីនោះទេ សម្រាប់បក្សកាន់អំណាច ។ ប៉ុន្តែគេគ្រាន់តែដឹងថា ការដង្ហោយរកការចរចារបស់បក្សប្រឆាំងនោះវាកាន់តែឮរំពងខ្លាំងទៅៗ ខណៈដែលបក្សកាន់អំណាចកំពុងសម្ងំឈរសើចហាក់មិនមានរឿងអ្វីកើតឡើង ៕