រាជធានីភ្នំពេញ៖គ្រាដែលសាលាដំបូងរាជធានីភ្នំពេញចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នាម៉ោងប្រមាណ ៨ និង៣០នាទីព្រឹកថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ត្រូវបានគេដាក់ពង្រាយនៅលើដងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ។
ដោយឡែកបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារបានឲ្យដឹងថា ក្រៅពីមុខសាលាដំបូងរាជធានីភ្នំពេញ នៅតាមដឹងផ្លូវឆ្ពោះទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ផងដែរ ត្រូវបានដាក់ពង្រាយ។
ទោះបីយ៉ាងណាមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានបញ្ជាក់ថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនេះគឺ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសការពារកុំឲ្យមានការអុកឡុកណាមួយ ពីក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានប្រមូលផ្តុំនៅជុំវិញបរិវេណសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីឃ្លាំចាំមើលលទ្ធផលនៃសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ប៉ុណ្ណោះ៕