រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញចេញជនជាតិវៀតណាមខុសច្បាប់ចំនួន ១៣នាក់ ក្នុងនោះមានស្រី២នាក់ ឲ្យត្រឡប់ទៅកាន់ប្រទេសដើម របស់ខ្លួនវិញតាមច្រកព្រំដែនបាវិត។ ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិវៀតណាមទាំង១៣នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីពេលថ្មីៗ នៅក្នុងខេត្តសៀមរាប ស្ទឹងត្រែង និងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយរកឃើញថា ពួកគេចូលមករស់នៅ ដោយខុសច្បាប់ និងធ្វើការដោយខុសច្បាប់។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិបរទេសខុសច្បាប់ ទៅកាន់ប្រទេសដើមខ្លួនវិញ ចំនួន ២៧៨៤នាក់ ក្នុងនោះស្រីមានចំនួន ៥៥៦នាក់ ស្មើនឹង៥៦សញ្ជាតិ៕