រាជធានីភ្នំពេញ៖មេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណរ៉ា គឺលោក ជួង ជូងី បានអះអាងថា កូនក្តីរបស់លោកកំពុងមានជំងឺឈឺក្បាលខ្លាំងហើយគ្រូពេទ្យពិនិត្យឃើញថា លោកកំពុងលើសជាតិស្ករ ។ មេធាវីរូបនោះបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពជំងឺរបស់លោក មាជ សុវណ្ណរ៉ា ។
លោក ជួង ជូងី បញ្ជាក់ថា លោក មាជ សុវណ្ណរ៉ា បានត្អូញត្អែថា គាត់មានអាការៈឈឺក្បាលខ្លាំងដែលបណ្ដាលមកពីការគិតច្រើន។ ម្យ៉ាងទៀតរូបលោកធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានប៉ះទង្គិចត្រង់ក្បាល។ ហើយតាមការត្រួតពិនិត្យរបស់គ្រូពេទ្យ លោក មាជ សុវណ្ណរ៉ា កំពុងលើសជាតិស្ករ។
លោកមេធាវី ជួង ជូងី និង ក្រុមមេធាវីដទៃទៀតនឹងពិភាក្សាគ្នារកវិធីសាស្ត្រផ្នែកច្បាប់ដើម្បីជួយសម្រួលដល់សុខភាពលោក មាជ សុវណ្ណរ៉ា ផងដែរ ។
គួរជម្រាបជូនថា លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនគណបក្សប្រឆាំង១០នាក់ផ្សេងទៀត ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីខែកក្កដា ឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ចាប់ពី៧ទៅ២០ឆ្នាំ ពីបទចូលរួម និងដឹកនាំកុប្បកម្មរំដោះទីលានប្រជាធិបតេយ្យ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៤ ។ គិតត្រឹមខែកញ្ញាឆ្នាំ២០១៦ គឺមានរយៈពេលជាងមួយឆ្នាំមកហើយ ដែលសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូបរួមនិងលោក មាជ សុវណ្ណរ៉ា កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរ៕