ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖ បេក្ខជនដែលចូលប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ មានការកើនឡើងជិត ៤ភាគរយ បើប្រៀបធៀបនឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៥ ។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបញ្ជាក់ថា បេក្ខជនសរុបដែលចូលរួមប្រឡងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ មានចំនូន ១៣៨៦នាក់ ក្នុងនោះសិស្សស្រី ៧២៣នាក់ ។ ហើយសម្រាប់លទ្ធផលប្រឡងបាក់ឌុប បានបិទប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ព្រឹកមិញនេះ បេក្ខជនប្រលងជាប់មានចំនួន ៩៥៦នាក់ ក្នុងនោះបេក្ខនារី ចំនួន ៥៣២នាក់ ។ ក្នុងនោះដែរ មានសិស្សជាប់និទ្ទេស A មានចំនួន ៩នាក់ ស្រី ៣នាក់, នីទ្ទេស B ចំនួន ៦៤នាក់ ស្រី ៣៤នាក់, C ចំនួន ១០៤នាក់ ស្រី ៦២នាក់, D ចំនួន ១៥៩នាក់ ស្រី ៩៦នាក់ និងនិទ្ទេស E មានចំនួន ៦២០នាក់ ស្រី ៣៣៧នាក់ គិតជាភាគរយ ស្មើនឹង ៨៨.៩៨ភាគរយ បើធៀបនឹងបេក្ខជនដែលប្រឡងជាប់បាក់ឌុបឆ្នាំ២០១៥ មានភាគរយត្រឹមតែ៦៥.៧៨ភាគរយតែប៉ុណ្ណោះ ។
លោក បានបន្តទៀតថា បានជាបេក្ខជនឆ្នាំនេះ ប្រឡងជាប់ច្រើនជាងឆ្នាំមុន កឺដោយសារកត្តាជាច្រើន ដូចជា មានការជម្រុញពីអាណាព្យាបាល, លោកគ្រូ អ្នកគ្រូ មានការលើកទឹកចិត្តដល់សិស្សដែលខិតខំរៀន, មានបើកវគ្គរៀនបំប៉ន់បន្ថែមនូវមុខវិជ្ជាសំខាខ់ៗដល់សិស្ស ជាពិសេសខាងមន្ទីរអប់រំខេត្ត បានចុះអប់រំពីរបៀបផ្សេងៗទាក់ទង់នឹងការប្រឡដល់សិស្សបន្ថែមទៀតផង ។
ទន្ទឹមនឹងនោះ ដោយមានការយកចិត្តទុកាដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស មានឯកឧត្តម អ៊ឹម ឈុនលឹម និងឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានគំនិតផ្ដួចផ្ដើម និងបានណែនាំដល់មន្ទីរអប់រំខេត្តឲ្យរៀបចំថ្នាក់បំប៉នសម្រាប់សិស្ស ដែលមានរយៈពេល១ខែ ព្រមទាំងបានឧបត្ថម្ភជាថវិការសម្រាប់លោកគ្រូ អ្នកគ្រូ នៅតាមវិទ្យាល័យទាំង១០ ក្នុងខេត្តក្រចេះ ដើម្បីជួយបង្រៀនបំប៉នបន្ថែមដល់សិស្សដែលត្រូវប្រឡងនៅឆ្នាំនេះ ។
លោក ហេ ប៊ុនឈី នាយវិទ្យាល័យ ព្រះមហាក្សត្រីយានី កុសុមៈ បានឲ្យដឹងថា សម្រាប់ឆ្នាំការសិក្សា ២០១៥-២០១៦នេះ មានការរឹតបន្តឹងនូវបទញ្ជាផ្សេងៗចំពោះសិស្សណាដែលមិនខិតខំរៀនសូត្រ និងដោយបានការយកចិត្តពីក្រសួង តាមរយៈមន្ទីរអប់រំខេត្ត និងគណអភិបាលខេត្ត ដល់សាលានីមួយៗក្នុងខេត្ត គឺបានបង្រៀនវគ្គបំប៉ន់នូវមុនវិជ្ជាសំខាន់ចំនួន៥ គឺគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរ ដើម្បីកសាង ពង្រឹងសមត្ថភាព និងជាមូលដ្ឋានគ្រឹស្ដសម្រាប់សិស្សនៅមុនពេលប្រឡងបានគ្រប់គ្រាន់៕