ចាប់ក្រុមចោរ​វាយ​ប្លន់​ម៉ូតូ​យ៉ាងសកម្ម​២​នាក់ 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌទួលគោក​តាម​បង្ក្រាប និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្រុមចោរ​វាយ​ប្លន់​យក​ម៉ូតូ​២​នាក់ ដែល​តែងតែ​ធ្វើ​យ៉ាង​សកម្មភាព​ក្នុង​ទឹកដី​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន ២​គ្រឿង​ផងដែរ​។​
​មន្ត្រី​នគ​បាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ បាន​វាយ​ប្លន់​យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ នៅវេលា​ម៉ោង​ទាបភ្លឺ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បន្ទាប់មក​បាន​យក​ម៉ូតូ​ទៅ​ប្លង់​ចោល នៅតាម​ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។ ប្រភព​បន្តថា ពេលនោះ​កម្លាំង​នគរបាល ខណ្ឌទួលគោក ក្រោម​បញ្ជា​ផ្ទា​ល់ពី លោក​អធិការ​ខណ្ឌ ហ៊ុន សុធី កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​មូលដ្ឋាន បាន​បើក​ការស្រាវជ្រាវ រហូត​តាម​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​ដកហូត​ម៉ូតូ​ទាំង ២​គ្រឿង​ផងដែរ​។​
​មន្ត្រីនគរបាល​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំង​០២​នាក់​៖​ទី​១- ឈ្មោះ រស់ ច័ន្ទ​សុភ័ក្ត្រ​ដា​រ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៩៩ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​ទី​២-​ឈ្មោះ​ទ្រី មួយ​អ៊ី ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១ ផ្លូវ​លេខ​៤ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ចំពោះ​ម៉ូតូ​ចំនួន​០២​គ្រឿង មួយគ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ ២០១៤ និង ០១​គ្រឿង​ទៀត ម៉ាក​ឆា​លី​កែ​ទៅជា​ម៉ាក MSX ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CQ-2283​។​
​ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ​ទួល​សង្កែ ដើម្បី​យកទៅ​ចាត់ការ​តាម​នីតិវិធី​បន្តទៀត​៕

fn-2016-09-12-11-12-27-0