ខេត្តបាត់ដំបង៖យុវជនម្នាក់ខណៈកំពុងស្ទូចត្រីក្រោមស្ពានបានរអិលជើងធ្លាក់ទឹកស្ទឹងសង្កែ បណ្ដាលអោយលង់ស្លាប់ ការរាវរកសាកសពរហូតព្រលប់ម៉ោង៦ និង០០ល្ងាចថ្ងៃដដែលទើប ប្រទះឃើញ។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាត់ដំបងបានអោយដឹងថា៖ ជនរងគ្រោះលង់ទឹកស្លាប់ជាក្មេងប្រុសជំទង់អាយុ១៥ឆ្នាំមានឈ្មោះ ហង្ស សាអៀង រស់នៅក្នុងក្រុមទី១ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មុនពេលកើតហេតុជនរងគ្រោះបានចុះទៅស្ទូចត្រីក្រោមស្ពានរថភ្លើងជាមួយមិត្តភក្តិក្នុងទីតាំងក្រោមស្ពានវត្តតាមឹម ឋិតក្នុងក្រុមទី២១ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាចៃដន្យបានរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្ទឹងហើយក៍បាត់ការគ្រប់គ្រងរួមផ្សំទាំងការមិនសូវប៉ិនប្រសប់ក្នុងការហែលទឹកផងនោះបានទឹកហូរគួចលេចបាត់ភ្លាមៗតែម្ដង ទើបបង្ករការផ្អើលឆោរឡោឡើងអ្នកភូមិបាននាំគ្នារាវរក។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះវ័យជំទង់លង់ទឹកស្លាប់ ខាងលើអាចមិនសូវប្រសប់ក្នុងការហែលទឹកទើបធ្លាក់ហើយក៍ហូរតាមខ្សែទឹកលេចបាត់ស្រមោលតែម្ដងនៅក្នុងអំឡុងវេលាម៉ោង៣.០០រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦៕