សមាជិក​នាវិក​នេសាទ​ម៉ាឡេស៊ី​៣​នាក់​ត្រូវគេ​ចាប់ជំរិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

​ម៉ាឡេស៊ី​៖​មន្ត្រី​សន្តិសុខ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សមាជិក​នាវិក​ចំនួន​បីនាក់​នៅលើ​ទូក​នេសាទ​ម៉ាឡេស៊ី​ត្រូវបាន​ចាប់ជំរិត​នៅក្នុង​ដែនទឹក​ដែលជា​កន្លែង​ពួក​សកម្មប្រយុទ្ធ​មកពី​ក្រុម Abu Sayyaf ធ្លាប់បាន​ចាប់​ចំណាប់ខ្មាំង​រួចទៅហើយ​។ ហេតុការណ៍​នេះ​ត្រូវបាន​គេ​ជឿថា កើតឡើង​នៅ​យប់​ថ្ងៃ​សៅរ៍​ជិត​កោះ Pom Pom ដែល​ជាទី​ពេញនិយម​សម្រាប់​ការ​មុជទឹក​ក្នុង​រដ្ឋ​ភាគ​ខាងកើត Sabah​។​
​លោក Wan Abdul Bari Abdul Khalid ប្រធាន​នៃ​បញ្ជាការ​សន្តិសុខ​រដ្ឋ Sabah ភាគ​ខាងកើត​របស់ ម៉ាឡេស៊ី​បាន​ប្រាប់ AFP ដោយ​មិន​ផ្តល់​សេចក្តីលម្អិត​ថា​“​ទូក​នេះ​គឺ​ចុះបញ្ជី​ជា​ទូក​ម៉ាឡេស៊ី​”​។​
​ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​មិនបាន​ភ្ជាប់​ការចាប់​ជំរិត​នេះ​ដោយផ្ទាល់​ទៅនឹង​ក្រុម Abu Sayyaf ទេ​។ ប៉ុន្តែ​ឧបនាយករដ្ឋមន្ត្រី Zahid Hamidi បាន​និយាយថា ក្រុម​ដែល “​ចាប់ជំរិត​ទាមទារ​ប្រាក់​លោះ​” គឺ​បានទទួល​ខុសត្រូវ​។ លោក​បន្តថា “​ក្រុម​ចាប់ជំរិត​ទាមទារ​ប្រាក់​លោះ​បាន​ប្រតិបត្តិការ​នៅក្បែរ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ជិត​ប្រជុំ​កោះ​នៃ​ប្រទេស​ម៉ាឡេស៊ី ហើយ​បើទោះបីជា​អាជ្ញាធរ​ត្រួតពិនិត្យ​ដែនទឹក​យ៉ាង​ដិតដល់​ក៏ដោយ ក្រុម​នេះ​តែងតែ​ធ្វើ​សកម្មភាព​ក្រៅ​រ៉ា​ដា​” ។​
​លោក Zahid បាន​បន្ថែមទៀតថា មនុស្ស​បីនាក់​ដែល​ត្រូវបាន​ចាប់ជំរិត​នេះ​គឺ​មិនមែនជា​ពលរដ្ឋ​ម៉ាឡេស៊ី​ទេ​ប៉ុន្តែ​ជា​អ្នកស្រុក​អចិន្ត្រៃយ៍​។​
​គួររម្លឹកថា​កាលពី​ខែកក្កដា ក្រុម​នាវិក​នានា​សណ្តោង​ម៉ាឡេស៊ី​ប្រាំ​នាក់​ត្រូវបាន​ចាប់ជំរិត​ដោយ​ក្រុម Abu Sayyaf នៅ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ Sabah ៕

sandakan_sabah_fisherboat-in-the-sandakan-bay-01