រាជធានីភ្នំពេញ៖សម្តេច ហ៊ុន សែន បានចេញបញ្ជាឲ្យសម្តេចក្រឡាហោម ស ខេង និងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាប មហាបាតុកម្មខុសច្បាប់ របស់គណបក្សសង្គ្រោះជាតិ ខណដែលសម្តេចចាត់ទុកថា គម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា និងបង្កអសន្តិសុខដល់ប្រទេសជាតិ ហើយរាជរដ្ឋាភិបាលនឹងកំចាត់ចោល កម្លាំងណាក៏ដោយដែលល្មើសច្បាប់ ។
សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ទោះតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ព្រោះនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជន និងប្រទេសជាតិ ។
សម្តេចក៏បានព្រមានខ្លាំងៗថា «រាជរដ្ឋាភិបាលសូមធ្វើការព្រមានទៅអ្នកដែលមានកំហុស សូមកុំធ្វើខុសតទៅទៀត បើមិនដូច្នោះនឹងនាំផលអាក្រក់ ដល់ខ្លួន, កំហុសខ្លួនឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
សូមជម្រាបថា ការព្រមាន និងចេញបញ្ជារបស់សម្តេច ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមេគណបក្សសង្គ្រោះជាតិ បានប្រកាសថា នឹងប្រមូលអ្នកគាំទ្រធ្វើមហាបាតុកម្មមួយក្នុងពេលឆាប់ៗ នេះ ដើម្បីទាមទារឲ្យតុលាការទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា និងលោក សម រង្ស៊ី រួមទាំងតំណាងរាស្ត្រ និងអ្នកគាំទ្រដែលកំពុងរងការចោទប្រកាន់ពីតុលាការ និងជាប់ពន្ធនាគារ ៕