កងទ័ព និង​កង​អង្គរក្ស​បង្ហាញ​កម្លាំង​បង្ក្រាប​បាតុកម្ម​ខុសច្បាប់​របស់​បក្សប្រឆាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ឆ្លើយតប​ភ្លាមៗ ចំពោះ​ការព្រមាន​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គេ​សង្កេតឃើញថា ទាំង​មេបញ្ជាការ​កងទ័ព​ទាំង​មេបញ្ជាការ​កង​អង្គរ័ក្ស បាន​ចេញមុខ​ប្រកាស​ជា​សាធារណ ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ដ៏​ម៉ឺងម៉ាត់ ដើម្បី​កម្ចាត់​រាល់​សកម្មភាព​ល្មើសច្បាប់ ឬ មហា​បាតុកម្ម​ដឹកនាំ​ដោយ​កណ​បក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​មហា​បា​តុ​ធ្វើ​ដោយ​ខុសច្បាប់ ។​
នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​កង​អង្គរក្ស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹងថា គ្រប់​កម្លាំង​នៃ​កង​អង្គភាព​ទាំងអស់​របស់​បញ្ជាការ​ដ្ឋា​នក​ង​អង្គរក្ស បាន​ត្រៀម​រួចជាស្រេច​ហើយ ដើម្បី​អនុវត្ត​បទបញ្ជា និង​កំចាត់​ចោល​ជន​ដែល​បំពាន លើ​បញ្ហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។​
នាយ​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​រូបនោះ​បញ្ជាក់ថា គ្មាន​អនុញ្ញាត​ឲ្យ​ធ្វើ​អ្វី តាម​អំពើ​ចិត្ត​នោះទេ ចំពោះ​ការធ្វើ​មហា​បាតុកម្ម​នោះ យើង​មាន​សិទ្ធិ​ក្នុង​ការពារ​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ និង​ស្ថេរភាព​សង្គម ហើយ​កម្លាំងប្រដាប់អាវុធ​ទាំងអស់ កំពុង​ត្រៀម​ជាស្រេច​ហើយ ដើម្បី​អនុវត្ត​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី ។​
ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា កងទ័ព​របស់​កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​អនុវត្តតាម​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​សកម្មភាព​ទាំងឡាយណា ដែល​បង្ក​អសន្តិសុខ​ដល់​ប្រទេសជាតិ ។​
គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ជំហរ កាលពីពេល​ថ្មីៗ នេះ ថា គណបក្ស​នេះ​ដឹកនាំ​កម្លាំង​អ្នកគាំទ្រ​ធ្វើ​មហា​បាតុកម្ម​មួយ​ក្នុងពេល​ឆាប់ៗ នេះ ។ ការប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​បន្ទាប់ពី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវ​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ៥​ខែ និង​ពិន័យ​ជា​ប្រាក់ ៨០​ម៉ឺន​រៀល ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» តាម​មាត្រា ៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅនេះ​។ ក្រោយ​ការប្រកាស​ផ្តន្ទាទោស​នេះ គណបក្ស​សង្គ្រោះ​ជាតិ តែង​បានធ្វើ​ការជួបជុំ​អ្នកគាំទ្រ របស់ខ្លួន​នៅក្នុង ទីស្នាក់ការ​នា​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ និង​ថ្លែង​សារ​នានា​បង្ហាញ​ពី​ការតស៊ូ​ជាមួយ​រាជរដ្ឋាភិបាល៕

fn-2016-09-13-00-41-17-4fn-2016-09-13-01-18-32-1