ការស្នើសុំ​របស់​មេធាវី​លោក មា​ជ សុវណ្ណ​រ៉ា​ត្រូវបាន​តុលាការ​អាមេរិក​ច្រានចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តុលាការ​នៃ​រដ្ឋ​កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក បានសម្រេច​ច្រានចោល​ការស្នើសុំ​របស់​មេ​ធា​វី​លោក មា​ជ សុវណ្ណ​រ៉ា ដែល​បាន​ស្នើសុំ​ឲ្យ​ធ្វើការ​សាកសួរ​ផ្ទាល់មាត់ ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ទាក់ទង​បណ្តឹង​របស់លោក មា​ជ សុវណ្ណ​រ៉ា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ប្តឹង​ពីបទ​ធ្វើ​ទារុណកម្ម​តាមរយះ​ការឃុំខ្លួន ដោយ​រំលោភបំពាន​ក្រៅច្បាប់ និង​មាន​រយះពេល​យូរ ។​
​លោក​មេធាវី Christopher Beres ដែល​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត បានផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ដោយ​បញ្ជាក់ថា ករណី​បណ្តឹងរដ្ឋប្បវេណី​នៅ​តុលាការ​រដ្ឋ​កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក ប្រឆាំងនឹង​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​គឺ​តុលាការ​សម្រេច កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ហើយដោយ​សម្រេច​ច្រានចោល​ការស្នើសុំ​របស់​មេ​ធា​វី​ដើមបណ្តឹង ដែល​ស្នើសុំ​សាកសួរ​ផ្ទាល់មាត់​លោក​ហ៊ុន ម៉ា​ណែ​ត ។ ទន្ទឹម​នោះ ចៅក្រម​ក៏បាន​យល់ព្រម​ទទួលយក​សំណើ​របស់លោក​ហ៊ុន​ម៉ា​ណែ​ត​ដើម្បី​សាកសួរ​ផ្ទាល់មាត់​លើ​លោក Paul Hayes ដែលជា​សាក្សី​តែ​ម្នាក់​គត់​ប្រឆាំងនឹង​លោក ម៉ា​ណែ​ត​។ លោក​ថា ការសម្រេច​បែបនេះ​គឺជា​ការត្រឹមត្រូវ​ពីព្រោះថា ភ្នាក់ងារ​ប​ញ្ជូ​ល​សារ​នេះហើយ ដែល​បាន​អះអាងថា​គាត់​ត្រូវបាន​វាយប្រហារ​ពីក្រោយ​ខ្នង​ដោយ​បុរស​ម្នា​ក់ពាក់​សំលៀកបំពាក់​ពណ៌​ខ្មៅ ហើយ​លោក Hayes បាន សន្ម​ត់​ថា​ការវាយប្រហារ​នោះ​ធ្វើឡើង​ដោយ​អង្គរក្ស​របស់លោក ហ៊ុន ម៉ា​ណែ​ត ។​
​លោក​មេធាវី Beres បាន​លើកឡើងថា ប្រហែលជា​ចៅក្រម​មាន​ហេតុផល​ច្រើន​ក្នុងការ​សម្រេច​មិនឱ្យ ធ្វើការ សាកសួរ​ផ្ទាល់មាត់​លើ​លោក ហ៊ុន ម៉ា​ណែ​ត ។ កត្តា​មួយ​គឺថា មេធាវី​របស់​ដើម បណ្តឹង​បាន​បង្ហាញថា​លោក​ចង់​ចោទសួរ​ទៅ​លោក ហ៊ុន ម៉ា​ណែ​ត​លើ​បញ្ហា​ជាច្រើន​ដែល មិន​ពាក់​ព័​ន្ទ​អ្វី​ទាល់តែសោះ​ទៅនឹង​បណ្តឹង​ដែល​បានដាក់​ទៅ​តុលាការ ហើយ​ក្នុងនោះ​ក៏មាន​សំណួរ​មួយចំនួន​អាច​នឹង​ពាក់ព័ន្ធ​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ផងដែរ​។​
​លោក​មេធាវី Beres បាន​បញ្ជាក់ថា ចៅក្រម​ប្រហែល​ចង់​ផ្ញើ​សារ​ទៅ​មេធាវី​របស់​ដើមបណ្តឹង​ថា គួ​តែ​ផ្តោត​សំខាន់ ទៅលើ តែ​បញ្ហា ដែល​ពាក់ព័ន្ធ​នឹង​បណ្តឹង​នៅ​តុលាការ​នេះ​បាន​ហើយ ។ លោក​បន្តថា ចៅក្រម​ប្រហែលជា​ចង់​ផ្តល់​សញ្ញា ថា​តុលាការ​នឹងមិន​អនុញ្ញាតឱ្យ​ដើមបណ្តឹង​និង​មេធាវី​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​របស់​សហរដ្ឋអាមេរិក​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​ក​ម្ពុ​ជា​នោះឡើយ​។ ហើយ​បើតាម​គំនិត​របស់លោក នេះ​គឺជា​ហេតុផល​តែមួយគត់​ដែល​នៅ​ពីក្រោយ​ពាក្យបណ្តឹង​នេះ ។​
​លោក​មេធាវី Beres បានបញ្ជាក់​ឡើងវិញ​ថា ខណៈពេលដែល​ចៅក្រម​នៅក្នុង​សំណុំ​រឿងនេះ​បាន​បដិសេធ​សំណើសុំ​សាកសួរ​ផ្ទាល់មាត់​លើ​លោក​ហ៊ុន​ម៉ា​ណែ​ត ចៅក្រម​ក៏បាន​យល់ព្រម​តាម​សំណើរ​របស់​មេធាវី លោក​ហ៊ុន​ម៉ា​ណែ​ត​ដើម្បី​ធ្វើការ​សាកសួរ​ផ្ទាល់មាត់​លើ​លោក Paul Hayes ដែលជា​ភ្នាក់ងារ​បញ្ជូន​សារ​អាមេរិក​តែម្តង៕

hun-manet1