ការឆ្លងវីរុស Zika កើនឡើងប្រហែល២០០ករណីហើយនៅប្រទេសថៃ
បាងកក៖ទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយថា ការរីករាលដាលនៃវីរុស Zika នៅក្នុងប្រទេសថៃត្រូវបានអាជ្ញាធរសុខាភិបាលរកឃើញប្រហែល២០០ករណីហើយ ចាប់តាំងពីខែមករាដើមឆ្នាំនេះ ដែលធ្វើឲ្យថៃក្លាយប្រទេសមួយមានវីរុសប្រភេទនេះខ្ពស់ជាងគេនៅក្នុងតំបន់។
ការប្រកាសដូច្នេះកើតឡើងមួយថ្ងៃក្រោយពីអ្នកជំនាញសុខាភិបាលបានអំពាវនាវទៅប្រទេសនេះឲ្យបង្ហាញតម្លាភាពនៅក្នុងការរាយការណ៍ពីការរីករាលដាលនៃវីរុស Zika ទៅដល់សាធារណជនបន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលថៃមិនសូវឲ្យតម្លៃលើហានិភ័យកើតចេញពីការរីករាលដាលនៃវីរុសនេះ។ ទន្ទឹមនោះក្រុមមន្ត្រីសុខាភិបាលបានបង្ហាញក្ដីបារម្ភថា ការទម្លាយព័ត៌មាននៃការរីករាលដាលវីរុស Zika នេះនឹងធ្វើឲ្យអន្តរាយដល់ឧស្សាហកម្មទេសចរណ៍៕