រដ្ឋសភា​នឹង​ពិនិត្យ​សំណើ​បង្កើត​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៅ​សប្តាហ៍​ក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2014 ក+ ក-

ភ្នំពេញ​៖​ក្រោយពី​មាន​ជំនួប​កំពូល​រវាង​មេដឹក នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋសភាជាតិ​គ្រោង​ដាក់សំណើ​ពិនិត្យ​ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​៤៨​ថ្មី​២​ស្តីពី​ការបង្កើត​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា​នៅ​សប្តាហ៍​ក្រោយនេះ​។

លោក​អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ ជា​សមាជិក​ជាន់ខ្ពស់រ​បស់​គណបក្សប្រឆាំង បានបញ្ជាក់​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សំណើ​បង្កើត​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាកតិច​ក្នុង​សភា និង​ប្រធាន​ក្រុមតំណាង រាស្ត្រ​ភាគតិច​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នេះ នឹងត្រូវ​គណៈអចិន្ត្រៃយ៍​របស់​សភា ពិនិត្យ​ពិភាក្សា​នៅ​សប្តាហ៍ ដើម្បី​បើកផ្លូវ​ឱ្យ​គណៈកម្មការ​នីតិកម្ម​របស់​រដ្ឋសភា​ចាប់ផ្តើម​ពិនិត្យ​ធ្វើ​វិសោធនកម្ម ដែល​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់ទុកថា ជា​កិច្ចការងារ​អាទិភាព​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ បង្កើតឱ្យមាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​ដែលជា​ដៃគូ​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី និង​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នេះ គឺជា​ការបង្កើត​វប្បធម៌​សន្ទនា​ពិភាក្សា​រវាង​អ្នកនយោបាយ​នៅ​កម្ពុជា​។​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នេះ គឺ​គ្រាន់តែ​ជា​អាសនៈ​ក្រម​ប៉ុណ្ណោះ​។​

​លោក​អេង ឆៃអ៊ាង​បាន​គូសបញ្ជាក់​ទៀតថា កិច្ចការងារ​ស្តីពី​ដំណើរ​ការរៀប​ចំគ​.​ជ​.​ប​ថ្មី​នោះ ត្រូវបាន​ក្រុមការងារ​គណបក្ស​ទាំងពីរ​បានបញ្ចប់​ហើយ​។ បច្ចុប្បន្ននេះ ក្រុមការងារ​គណបក្ស​ទាំងពីរ​នឹង​ចាប់ផ្តើម​ពិភាក្សា​លើ​ច្បាប់បោះឆ្នោត រប​ស់គ​.​ជ​.​ប​ជា​បន្តទៀត ដើម្បី​កំណត់ថា តើ​គួរតែ​យក​ច្បាប់​របស់​គ​.​ជ​.​ប ចាស់​យកមកប្រើ ឬ​បង្កើត​ច្បាប់​ថ្មី​។​

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​បញ្ជាក់ថា ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា នឹងមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី និង​មាន​តួនាទី​ជា​គូសន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ទាក់​ទង់​នឹង​បញ្ហា​ របស់​ប្រទេសជាតិ​។​

សម្រាប់​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច យល់ឃើញថា ប្រសិនបើ​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ដំណាក់​ការបង្រួបបង្រួម​ជាតិ គេ​អាច​ប្រើប្រាស់​រូបភាព​នេះ​បាន ប៉ុន្តែ​លោក​ថា ដោយសារ​កម្ពុជា​បាន​ងើប​ផុតពី​ដំណាក់​ការបង្រួបបង្រួម​ជាតិ ឈាន​ចូលដល់​ដំណាក់​ការកសាង និង​ការពារជាតិ​ហើយ ដូច្នេះ​កម្ពុជា​មិនចាំបាច់​ត្រូវការ​ឲ្យ​មាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​ ភាគតិច​នោះទេ​។​

លោក​បន្តថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ការបង្កើត​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ និង​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា គឺ​មិនចាំបាច់​នោះឡើយ ព្រោះ​លោក​ថា គណបក្សប្រឆាំង សព្វថ្ងៃ​មាន​សំឡេង​គ្រប់គ្រាន់​នៅក្នុង​សភា ដើម្បី​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សួរ​ដេញ ដោល​បាន គ្រប់ពេលវេលា​។ ផ្ទុយទៅវិញ​លោក​ថា ការបង្កើត​ក្រុម​ថ្មី​នេះ នឹងធ្វើ​ឲ្យ​បាត់បង់ អំណាចសភា ដែលមាន​ស្រាប់ និង​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ទៀតផង​។​

​លោក​បណ្ឌិត សុខ ទូច ក៏​យល់ឃើញ​ដែរ​ថា ការបង្កើត​ឲ្យ​មាន​ក្រុម​ថ្មី​នៅក្នុង​សភា​នេះ គឺ​ប្រៀបបាន​ទៅនឹង​ការបង្កើត​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ក្នុង​រដ្ឋធម្មនុញ្ញ​ដែលមាន​ស្រាប់ ហើយ​វា​ក៏​ធ្វើ​ឲ្យ​រដ្ឋបាល​ក្នុង​សភា រឹត​តែមាន​ភាពអនាធិបតេយ្យ​ផងដែរ​៕ ជំនិតUntitled-1