ខេត្តកណ្តាល៖ករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមាន ស្ទាវម្នាក់ផឹកស្រវឹងឡើងកបានប៉ុនប៉ងចាប់លោកយាយអាយុ៨៦ឆ្នាំរំលោភសេពសន្ធវៈ ប៉ុន្តែត្រូវបានឃាត់ខ្លួនទាន់។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២៣ និង០០នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនដែលប៉ុនប៉ងរំលោភសេពសន្ធវៈលោកយាយនោះមានឈ្មោះ ប៊ុង ធឿន ភេទប្រុស អាយុ៣៨ ឆ្នាំមានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ រីឯជនរងគ្រោះឈ្មោះឌ.ស ភេទស្រី អាយុ៨៦ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិ ល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។
ប្រជាពលរដ្ឋក្នុងភូមិល្វាទោងបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះ ប៊ុង ធឿន បានដើរមកពីលិចផ្លូវចូលភូមិល្វាទោង ដោយសភាពស្រវឹងជោក លុះពេលដើរមកដល់ក្នុងភូមិអោយតែ ឃើញក្មេងស្រីៗក៏ដេញចាប់ តែត្រូវអ្នកភូមិដេញវាយពេលនោះជនសង្ស័យក៏រត់បាត់នៅពេលនោះទៅ ។ លុះរហូតដល់ម៉ោង ២៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យខាងលើបានចូលទៅក្នុងផ្ទះជនរងគ្រោះក៏ចាប់ស្រាតសារ៉ុងហើយជនរងគ្រោះបានរើបំរ៉ាស់ហើយស្រែកអោយអ្នកភូមិនៅក្បែរនោះជួយ។ភ្លាម ៗ នោះ ជនសង្ស័យក៏បានវាយទៅលើជនរងគ្រោះបណ្ដាលអោយរងរបួសជាច្រើនកន្លែង បន្ទាប់មកប្រជាពលរដ្ឋដែលនៅក្បែរនោះបានឮសម្លេងស្រែកអោយជួយ ពួកគាត់ក៏ចុះពីលើផ្ទះទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងវាយជនរងគ្រោះ។ ឃើញដូចនេះពួកគាត់ក៏ចូលទៅចាប់ជនសង្ស័យចងទុករួច រាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍ ហើយ សមត្ថកិច្ចចុះមកភ្លាមៗរួចនាំយកជនសង្ស័យបញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕