ដោយ៖ប្រុញ វិធិន
ក្រចេះ៖ម៉ោងប្រមាណជិត៣រសៀល ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦នេះ មានករណីភ្លើងឆេះផ្ទះពលរដ្ឋអស់១ខ្នង សល់តែកាំជណ្តើរ រីឯទ្រព្យសម្បត្តិត្រូវភ្លើងលេបត្របាក់ខ្ទិចម៉ត់ នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លង ខេត្តក្រចេះ ខណៈ ពេលដែលម្ចាស់ផ្ទះត្រូវភ្លើងឆេះនៅស្រុកស្នួល កាលពីថ្ងៃ១៥ខែសីហា ម្សិលមិញ កំពុងដង្ហោយរកជំនួយសង្គ្រោះនិងសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសាងសង់ផ្ទះសម្រាប់ជូនគាត់ស្នាក់នៅ ។
ករណីខាងលើ មិនទាន់មាន របាយការណ៍ណាមួយបញ្ជាក់ពីអាជ្ញាធរ និងសមត្ថកិច្ចថា ការឆេះនោះគឺបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ។ដោយឡែកការឆេះខូចខាត ទ្រព្យសម្បត្តិក៏មិនទាន់សន្និដ្ឋានថាអស់ប៉ុន្មាននោះដែរ។
ភ្លាមៗក្នុងហេតុការណ៍ខាងលើ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមពលរដ្ឋ និងសមត្ថកិច្ច ជួយដងទឹកស្រោច ពិសេស ក៏មានការជួយបាញ់ទឹកពន្លត់ពីឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះផងដែរ ប៉ុន្តែក៏មិនអាចជួយសង្រោះគ្រោះមហន្តរាយនោះឡើយ។ ហើយម្ចាស់ផ្ទះបានត្រឹមសម្លឹងមើលកំទិចផេះផង់ធ្យូង សំណល់សល់ពីភ្លើងឆេះ សម្រក់ទឹកភ្នែក និងស្រែកសូមឱ្យសប្បុរសជនមេត្តាជួយដល់គ្រួសារពួកគាត់ផង។
គូររម្លឹកផងដែរថាបញ្ហាភ្លើងឆេះផ្ទះនៅខេត្តក្រចេះ ឧស្សាហ៍កើតឡើងញឹកញាប់ដោយសារភ្លើងធូបទាន ផ្ទុះកំប៉ុងហ្គាស់ ហេតុនេះពលរដ្ឋខ្លួនឯងត្រូវបង្កើនការ ប្រុងប្រយ័ត្នទ្វេរដង និងច្រើនជាងពេលកន្លងមក ជាពិសេសការអុចធូប ទាន និងប្តូរកំប៉ុងហ្គាស់ពិនិត្យឱ្យត្រឹមត្រូវ ហើយពេលចេញពីផ្ទះកុំភ្លេចបិទកុងតាក់និងបារ៉ែតភ្លើងផងដែរ៕