ដោយ៖ប៉ែន សុផល
បាត់ដំបង៖ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការប្រគល់ទទួលម៉ាស៊ីនបូមទឹកចំនួន៦គ្រឿងជាអំណោយរបស់អង្គការការីតាស់កម្ពុជាជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង។
ពិធីនេះផងដែរស្ថិតក្រោមវត្តមានលោក ញឹម វណ្ណដាអនុប្រធានប្រចាំការនិងជាប្រធានគណះកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
លោក គឹម វឌ្ឍនា ប្រធានអង្គការ ការីតាស់កម្ពុជាបានមានលើកឡើងថា៖អង្គការការីតាស់កម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយគណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង និងបានធ្វើសកម្មភាព ជីកស្រះ ជីកអណ្តូង បំពាក់សូឡាភ្ជាប់ជាមួយស៊ីទែនទឹក និងចុងក្រោយបានផ្តល់នូវម៉ាស៊ីនបូមទឹកចំនួន៦គ្រឿងផងដែរ។
លោក ញឹម វណ្ណដា អនុប្រធានប្រចាំការនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍សំណូមពរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជួយពង្រឹងនិងការពារសមិទ្ធផលដែលអង្គការការីតាស់បានផ្តល់អោយមាននិរន្តភាព ពិសេសជួយពង្រឹងគណៈកម្មាធិការគ្រប់គ្រងអណ្តូងទឹក និងគណៈកម្មាធិការគ្រប់គ្រងស្រះទឹកដើម្បីគណៈកម្មាធិការទាំងពីរមានលទ្ធភាពគ្រប់គ្រងនិងជួសជុលនៅពេលដែលអណ្តូង និងសូឡាខូច។
លោក ច័ន្ទ សុផលអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់កិច្ចសហការនិងជួយជ្រោមជ្រែងពីអង្គការការីតាស់កម្ពុជាតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តដែលបានចូលរួមគាំទ្រគម្រោងឆ្លើយតបគ្រោះរាំងស្ងួតរបស់អង្គការការីតាស់កម្ពុជាប្រកបដោយលទ្ធផលជោគជ័យនាឱកាសនេះ៕