រាជធានីភ្នំពេញ៖កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចាប់ឃាត់ខ្លួនមន្ត្រីយោធាម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងឈ្លោះគ្នា ហើយវ៉ៃប្រពន្ធ ព្រមទាំងវ៉ៃក្មួយប្រុសបែកមាត់ ព្រមទាំងផ្ទុះអាវុធ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យោធាដែលឃាត់ខ្លួនឈ្មោះ ណោក កឿន អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីយោធាភូមិភាគ៣ មានប្រពន្ធឈ្មោះ សយ ពៅ អាយុ៤២ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកក្មួយប្រុសដែលរងរបួសបែកមាត់មានឈ្មោះ លី ភារៈ អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅកន្លែងកើតហេតុ ចំណែកក្មួយប្រុសម្នាក់ទៀតមិនស្គាល់ឈ្មោះ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាមន្ត្រីយោធាខាងលើតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ហើយរករឿងប្រពន្ធ និងវាយធ្វើបាបស្ទើររាល់ថ្ងៃដែរ។ ប្រភពបន្តថា នៅថ្ងៃកើតហេតុ បុរសជាប្តីមកពីផឹកស្រាស្រវឹងឃើញកូនតូចម្នាក់កំពុងតែលេងកង្ហា ក៏បានឈ្លោះប្រកែកជាមួយប្រពន្ធ និងបានវាយប្រពន្ធមួយដៃ ពេលនោះក្មួយប្រុសថ្លៃម្នាក់ដែលស្នាក់នៅក្បែរនោះបានដើរចូលទៅបម្រុងជួយឃាត់កុំឲ្យឈ្លោះប្រកែកគ្នា តែមិនទាន់បានឃាត់ផងក៏ត្រូវឪពុកមាដែលជាមន្ត្រីយោធានោះគ្រាន់តែឃើញក្មួយថ្លៃដើរមកស្ទុះទៅប្រតាយប្រតប់បណ្តាលឲ្យក្មួយប្រុសបែកមាត់ ហើយក្មួយប្រុសម្នាក់បានដើរទៅជួយដែរ ក៏ត្រូវជនបង្ករត់ចូលទៅក្នុងបន្ទប់ដេកទាញកាំភ្លើងខ្លី១ដើមចេញមកក៏ត្រូវកូនស្រីច្បងម្នាក់ចាប់ប្រទាញប្រទង់ជាមួយឪពុកដើម្បីដោះបង់ចេញវិញទាំងកាំភ្លើងត្រូវឪពុកអាម៉េរួចជាស្រេចទៅហើយ បណ្តាលឲ្យប៉ះកៃកាំភ្លើងផ្ទុះឡើងលើនៅក្នុងបន្ទប់ដេក១គ្រាប់ តែ មិនមានរងរបួសទេ ធ្វើឲ្យមានការផ្អើលឆោឡោដល់នគរបាលប៉ុស្តិ៍ចោមចៅ និងអាវុធហត្ថចុះទៅដល់ផ្ទះកើតហេតុ ដើម្បីសួរនាំ និងបានឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់ពីកើតហេតុភ្លាមៗ ក្មួយប្រុសដែលរបួសបែកមាត់ត្រូវសាច់ញាតិដឹកយកទៅលាងរបួស រួចហើយត្រឡប់មកផ្ទះវិញដោយមិនបានដាក់ពាក្យបណ្តឹងទេ៕