ដោយ៖ប៉ែន សុផល
បាត់ដំបង៖លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងបានព្រមានធ្ងន់ៗថានឹងរកគ្រូបង្គោលមកបង្វឹកបង្រៀនពីយុទ្ធសាស្ត្រការពារដល់ក្រុមអន្តរាគមន៍ប្រឆាំងបាតុកម្ម និងការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្ររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលបានកើតចេញពីការបោះឆ្នោត។
លោកឧត្តមសេនីយ៍ទោថ្លែងបែបនេះនៅកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែកញ្ញាឆ្នាំ២០១៦និង បើកទឹសដៅ ការងារប្រចាំខែ តុលារបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកមិញនេះដោយមានវត្តមានចូលរួមពីសំណាក់លោកលោកស្រីជាថ្នាក់ដឹកនាំស្នងការរង នាយការិយាល័យចំណុះស្នងការ អធិការ១៤ស្រុកក្រុងមេបញ្ជាការវរសេនាតូចព្រំដែនទាំង៤ អស់លោក លោកស្រីជានាយនគរបាល សរុប១២៥នាក់។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស ថេតស្នងការនគរបាលខេត្តបាត់ដំបងលោកបានថ្លែងអំណរគុណនិងកោតសរសើរបំផុតចំពោះថ្នាក់ដឹកនាំ ពិសេស អស់លោក លោកស្រីជាកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ដែលរយះពេលមួយខែនេះសភាពការណ៍សន្តិសុខនៅទូទាំងខេត្ត និងនៅតំបន់ព្រំដែន ត្រូវបានថែរក្សានិងពង្រឹង បាននូវ ស្ថេរភាពល្អប្រសើរ ។
លោក បានបញ្ជាក់ថា លោកបានត្រៀមកងកម្លាំងនគរបាលជាតិចំនួន១០៦៦នាក់ សម្រាប់ការពារស្ថានភាពស្ថេរភាពសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលបោះឆ្នោត ទូទាំងខេត្តចំនួន១០២ឃុំ ។ពិសេសលោកបានប្រមានធ្ងន់ៗថា លោកកំពុងនិងឲ្យគ្រូបង្គោលបង្វឹក បង្រៀនពីយុទ្ធសាស្ត្រការពារដល់ក្រុមអន្តរាគមន៍ប្រឆាំងបាតុកម្ម និងការពារជាដាច់ខាតជាតិសាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលបានកើតចេញពីការបោះឆ្នោត។
លោកបានបន្ថែមទៀតថា ក្នុងនាមលោកជាអ្នកដឹកនាំ មួយរូប នៅក្នុងខេត្តបាត់ដំបង លោកត្រូវតែបំរើការពារ ប្រជាពលរដ្ឋ និងថែរក្សាស្ថេរភាព សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ និងមិនបណ្តែតបណ្តោយឲ្យមានការធ្វើ បដិវត្តន៍ពណ៌ណាមួយដែលបង្កព្យុះសនកម្មដល់សង្គមជាតិឡើង៕
ស្នងការខេត្តបាត់ដំបងព្រមានប្រឆាំងដាច់ខាតចំពោះបាតុកម្មប្រឆាំងរដ្ឋាភិបាលស្របច្បាប់